ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងចុះកិច្ចព្រមព្រៀង ចែកចាយផលិតផលត្រាក់ទ័រម៉ាក សូលីស (Solos)


នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សាន់វ៉េ, មានរៀបចំពិធីសម្ពោធជាផ្លូវការ និងចុះកិច្ចព្រមព្រៀង ចែកចាយផលិតផលត្រាក់ទ័រម៉ាក សូលីស (Solos) នៅព្រះរាជាណា ចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ លោកឧកញ្ញ៉ា លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើន ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការចូលរួមអបអរសារទរ ជាមួយនឹងការវាយតម្លៃខ្ពស់ និងកោត សរសើរ ចំពោះក្រុមហ៊ុន ម៉ែន សារុន អ៊ឹមឌី អ ខូ អិល ធី ឌី ដែលមានបំណងបោះទុនវិនិយោគក្នុងវិស័យកសិកម្ម ដោយបានសម្រេចចិត្តនាំចូល និងចែកចាយ ផ្តាច់មុខនូវត្រាក់ទ័រម៉ាក សូលីស ដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រភេទត្រាក់ទ័រ ផលិតនៅប្រទេសឥណ្ឌាដោយក្រុមហ៊ុន International Tractor Limited ដែលបានសហការជាមួយក្រុមហ៊ុនត្រាក់ទ័រជប៉ុន ម៉ាកយាន់ម៉ា ហើយមានបទពិសោធន៍លក់ និងចែកចាយនៅលើទីផ្សារបណ្តាប្រទេសចំនួនជាង ១០០ នៅលើពិភពលោក ។
ឯកឧត្តមបានបន្ថែមទៀតថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនាថ្ងៃនេះ គឺបាននិងកំពុងដើរស្របជាមួយយុទ្ធសាស្រ្តថ្មី និងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យជាអាទិភាពនានា ជាពិសេស ចក្ខុវិស័យវិស័យកសិកម្ម គឺប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ជាមួយនឹងការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស និងវិស័យឯកជនក្នុងស្រុក ដែលជាឧបករណ៍គន្លឹះ ដើម្បីសម្រេចបានតាមគោលដៅនៃយុទ្ធសាស្រ្តកំណើនថ្មីរបស់កម្ពុជា។ ម៉្យាងទៀតគឺបានឆ្លើយតបទៅនឹងនិន្នាការនៃការថយចុះនៃការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន ដែលយើងបានសង្កេតឃើញថាប្រជាកសិករបានភ្ជួររាស់ដោយ គោ ក្របី នៅសល់ប្រមាណតែ ៣,៦២% និងដោយគ្រឿងយន្តបានកើនឡើងរហូតដល់ប្រមាណ៩៦,៣៨%។ ទន្ទឹមនឹងនេះ តាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញយ៉ាងច្បាស់ថា កម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកពី៨០% នៅឆ្នាំ១៩៩៣ មកត្រឹម ៦០% នៅឆ្នាំ២០០៥ និងបានបន្តធ្លាក់មកជិត៤០% នៅឆ្នាំ២០១៧ កន្លងមកនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ក្នុងការនាំចូលនូវគ្រឿងយន្តកសិកម្មនេះ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៅលើ៖ (១) ការរិះរក និងស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅដល់ការបំពាក់ដល់គ្រឿងយន្តកសិកម្មបន្ថែមទៀត លើការរៀបចំដី ការសាបព្រោះពូជនិងការប្រមូលផល ដំណាំ ឲ្យមានលក្ខណៈសមស្របទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់កសិករកម្ពុជានាពេលបច្ចុប្បន្ន ស្របតាមលក្ខណៈភូមិសាស្រ្ត និងប្រភេទដីនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់នេះធ្វើឡើងស្របទៅតាមរបត់ថ្មីនៃការចូលរួមធ្វើបដិវត្តន៍ឧស្សាហកម្ម ដំណាក់កាលទី ៤ នាសម័យកាល Digital ។ (២) ការប្រើប្រាស់ឲ្យបានយូ ដោយមានភាពធន់នឹងការប្រើប្រាស់ ជាមួយនឹងការផ្តល់សេវាល្អប្រសើរដល់អ្នកប្រើប្រាស់ ។