កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ.


(ទីស្តីការក្រសួងផែនការ)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឹងម៉ាត់ ចំពោះអង្គភាពគាំទ្រចំនួន០៦ រួមមាន៖ អគ្កាធិការដ្ឋាន,នាយកដ្ឋានសវនកម្មផ្ទៃក្នុង,នាយកដ្ឋានបុគ្គលិក,នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ,នាយកដ្ឋានរដ្ឋបាល និងអង្គភាពលទ្ធកម្ម ដែលចំណុះក្រោមឱវាទក្រសួងផែនការ ដោយផ្តោតសំខាន់លើថ្នាក់ដឹកនាំនៃអង្គភាពទាំង៦នេះ ដែលមានឋានៈចាប់ពីអនុប្រធាននាយកដ្ឋានឡើងទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិន័យការងារគឺជាគោល ដើម្បីដឹកនាំ ម្ចាស់ការគ្រប់គ្រង មន្ត្រីក្រោមឱវាទ ជំរុញការងារអោយមានប្រសិទ្ធភាព ហើយថ្នាក់ដឹកនាំត្រូវធ្វើជាគំរូដ៏ល្អសម្រាប់កូនចៅក្រោមឱវាទ យកទៅអនុវត្តតាម។ យើងគួរបង្កើតការស្រលាញ់ការងារអោយបានច្រើន ការងារគឺជាប្រភពចិញ្ចឹមជីវិតគ្រួសាររបស់យើង ទោះបីប្រាក់ខែតិច ក៏ប្រសើរជាងគ្មានការងារធ្វើ ការងាររដ្ឋ គឺមានឧត្តមភាពសម្រាប់ខ្លួនយើង សម្រាប់គ្រួសារ ហើយក៏សម្រាប់សង្គមជាតិយើងផងដែរ។ ខ្ញុំសូមអោយថ្នាក់ដឹកនាំនៃអង្គភាពនិមួយៗ ជំរុញអនុវត្តកិច្ចការជាគំរូ សម្រាប់កូនចៅបានឃើញ និងយកទៅអនុវត្តតាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរណាស់ចំពោះកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កសិករ កម្មករយើង ហើយជាពិសេសទៅទៀតនោះ គឺប្រាក់ខែរបស់មន្ត្រីរាជការយើង ដែលត្រូវបានតំឡើងជារៀងរាល់ឆ្នាំ ដែលប្រាក់បៀវត្សប្រចាំខែរបស់មន្ត្រីរាជការយើងដែលទាបបំផុតនោះក៏ត្រឹមបាន០១លានរៀល ហើយថ្នាក់ដឹកនាំអង្គភាពដែលមានតួនាទី ចាប់ពីអនុប្រធាននាយកដ្ឋានឡើងទៅ ប្រាក់បៀវត្សទាបបំផុតក៏ទទួលបាន១,៦លានរៀល(មួយលានប្រាំមួយសែនរៀល)ដែរ ហើយបរិស្ថានការងារក៍មានភាពប្រសើរឡើង ទាំងអគារ បន្ទប់ធ្វើការ សម្ភារៈការិយាល័យក៍មានគ្រប់គ្រាន់ដែរ ដូច្នេះសូមបងប្អូនមន្ត្រីរាជការយើង ព្យាយាមយកចិត្តទុកដាក់ បំពេញការងារប្រចាំថ្ងៃអោយមានប្រសិទ្ធភាព និងគោរពអនុវត្តអោយបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ត្រី ថ្នាក់ដឹកនាំទាំងអស់ ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួន នូវអភិក្រមការងារទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់, ងូតទឹក , ដុសក្អែល , ព្យាបាល និង វះកាត់ ហើយក្នុងអណត្តិទី៦នៃរាជរដ្ឋាភិបាលកម្ពុជានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជំរុញអនុវត្តនូវអភិក្រមទី៥ គឺ វះកាត់ សម្រាប់មន្ត្រីណាដែលមិនភ្ញាក់រលឺក និងមិនបានគោរពអោយបានម៉ឺងម៉ាត់តាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំដូចមានក្នុងរបៀបវារៈខាងលើ នឹងត្រូវជំរុញអនុវត្តអោយបានម៉ឹងម៉ាត់ គ្រប់អង្គភាពទាំងអស់ ដែលស្ថិតនៅក្រោមឱវាទក្រសួងផែនការ។