ក្រុមហ៊ុនមីនីបៀប្រទេសជប៉ុនបន្តសហប្រតិបត្តិការជាមួយខេត្តសៀមរាបក្នុងរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាប


រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយ Mr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុននៅសាលាខេត្តសៀមរាប ដើម្បីជួបពិភាក្សាលើធ្វើបទបង្ហាញស្តីពីដំណើរការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាបបន្ថែមទៀត ។

ក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ ក្រុមហ៊ុនមីនីបៀ ខូអិលធីឌី បានបន្តសហការជាមួយខេត្តសៀមរាបក្នុងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍បន្ថែមទៀតដោយអនុលោមតាមកិច្ចព្រមពៀងរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Yuji KUMAMARU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេ ញសមត្ថភាព កាលពីថ្ងៃទី ១១ ខែមេសា ឆ្នំ២០១៤នៅរាជធានីភ្នំពេញ។

ការផលិតផលអំពូលភ្លើងបំភ្លឺធារណៈប្រភេទ LED របស់រកុមហ៊ុនមីនីដបៀ នេះ គឺពិតជាបានរួមចំណែកក្នុងការកាត់ឧស្ម័នកាបូនិច ក្នុងបរិយាកាសយ៉ាងពិតប្រាកដ ដូចនេះ រដ្ឋបាលខេត្តក៏បានសម្រេចឱ្យក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួននៅខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុនមីនីបៀបានផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ដើម្បីបំពាក់តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ ជាមួយនឹងការផ្តល់អំពូនេះភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាចំនួនបីលើកផងដែរ ៖
១-អនុស្សរណៈ អនុសារណៈយោគយល់គ្នា ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥
២-កិច្ចព្រមព្រៀងបន្ថែម កិច្ចព្រមព្រៀងសម្ព័ន្ធអន្តរជាតិ នៅខែកញ្ញា ឆ្នាំ២០១៥
៣-កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងថែទាំ ចុះថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦

តាមរយៈការផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ខេត្តបានដំឡើងនិងបំពាក់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាពីរដំណាក់កាលដូចជា ៖
ដំណាក់កាលទី១ : បានដំឡើងនិងបំពាក់អំពូលចំនួន១១០០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ចុងខែមីនា ឆ្នាំ២០១៧ និងបានដាក់ឲ្យដំណើរការ។
ដំណាក់កាលទី២ : បានដំឡើងនិងបំពាក់អំពូលចំនួន៨៥០គ្រាប់ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ ខែធ្នូ ឆ្នាំ២០១៧ តែដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨នេះ។

បន្ទាប់ពីបានដំឡើងនូវអំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាស្ថាបពរហើយក៏ដោយ ក៏នៅតែមានការខ្វះមួយចំនួនទៀត ដូចនេះខេត្តបានស្នើសុំដល់ក្រុមហ៊ុនបន្ថែមចំនួន ៥០០គ្រាប់ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះMr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុនដែលបានបន្តកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាបជាមួយនឹងក្រុមហ៊ុន ហើយឯកឧត្តមបណ្ឌិតក៏បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការក៏ដូចជាការវិនិយោគទុនបន្ថែមទៀតលើគ្រប់វិស័យ៕