មេដឹកនាំកំពូលកម្ពុជា និងតួកគី ឯកភាពគ្នាក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យឈានដល់១ពាន់លានដុល្លា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីតួកគី បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងជំនួបកំពូលទ្វេភាគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន មានស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្រ្តីកម្ពុជា។

លោកប្រធានាធិបតីបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។

លោកបានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺបង្ហាញពីសូចនករបង្ហាញពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយ និងទិសដៅ នៃការជំរុញទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូត ដល់១ពាន់លានដុល្លារនៅពេលខាងមុខ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាព ចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការប្រារព្វរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានា ដើម្បីឲ្យប្រជាជន នៃប្រទេសទាំងពីរ បានស្គាល់ពីប្រទេសយើងទៅវិញទៅមក។

មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើន នៃវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការបើកឲ្យមានការហោះហើរត្រង់ពីគ្នាទៅវិញទៅមក ក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរ សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

ដោយសាតែប្រទេសកម្ពុជាទទួល នូវមជ្ឈមណ្ឌលកំចាត់មីនអាស៊ាននៅកម្ពុជា លោកប្រធានាធិបតីមានប្រសាសន៍ថា តួកគី និងពិនិត្យលទ្ធភាពក្នុងការផ្តល់ ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេសកម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅ និងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។

ក្រៅពីកិច្ចព្រមព្រៀងចំនួន៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់សម្តេចនៅពេលនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ ទៅលើការពិភាក្សាទៅលើការមិនពន្ធត្រួតគ្នា នៃប្រទេសទាំងពីរ។ ដោយសារតែប្រទេសតួកគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ជំរាបជូន លោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូត របស់ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ខាងមុខ តាមរយៈការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទះរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើលោកប្រធានាធិបតី បន្តបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅបន្តការសិក្សា នៅប្រទេសតួកគី និងជួយទិញអង្គរ ផ្លែស្វាយពីប្រទេសកម្ពុជា ដើម្បីជួយដល់កសិករកម្ពុជា។

ក្នុងព្រះបរមនាមព្រះករុណព្រះមហាក្សត្រ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគោរពអញ្ជើញដោយផ្ទាល់មាត់ ជូនលោកប្រធានាធិបតី ក្នុងការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ។

លោកប្រធានាធិបតីបានឆ្លើយតបទៅ និងការអញ្ជើញរបស់សម្តេចតេជោ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួន ដែលកម្ពុជា បានស្នើឲ្យតួកគីជួយ។

ជាមួយគ្នានេះលោកប្រធានាធិបតី ក៏បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នកសង្កេតការណ៍ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម ដែលប្រទេសតួកគី នឹងធ្វើជាប្រធាន នៅឆ្នាំ២០១៩៕