​សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសាន លើកទី៨ នៅទីក្រុងប៉េកាំង​​


(ភ្នំពេញ)៖ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសាន លើកទី៨ «8Th Beijing Xiangshan Forum» នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ ការទៅបំពេញទស្សនកិច្ចរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

​ការបំពេញទស្សនកិច្ច​ នៅប្រទេសចិន​ របស់សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ធ្វើឡើងពីថ្ងៃទី២២​ ដល់២៤​ ខែតុលា​ ឆ្នាំ២០១៨។ ចំណែក​ វេទិកាសៀងសាន លើកទី៨ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមនោះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។​ ក្នុងនោះ​សម្ដេចនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គស្ដីពី «បញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការរក្សាសន្ដិភាព អង្គការសហប្រជាជាតិ»ផងដែរ។

សូមជម្រាបថា វេទិកា Xiangshan ប៉េកាំង លើកទី៨ (8Th Beijing Xiangshan Forum) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ ​ការកសាងសមភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយ នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ នឹងផ្តោតលើការពិភាក្សាផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រងសន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយចំនួនទៀត។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំយោធា និងក្រសួង ស្ថាប័នការពារជាតិជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញបញ្ញវន្តល្បីៗផងដែរ៕