ក្រុមហ៊ុន​ក្នុងស្រុក​វិនិយោគ​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុងព្រះសីហនុ


ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ បានសម្រេច​ចិត្ត ​បោះ​ទុន​វិនិយោគ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ ​ដើម្បី​សាងសង់​លំនៅឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​សង្កាត់​រាម ​ក្រុងព្រះសីហនុ​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ RN VIP Real Estate​ លោក​ យ៉ែ​ន សុខ​លីន ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ ​នៅ​ព្រឹក​ថ្ងៃទី​២២ តុលា​នេះ​ថា ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​វិនិយោគ​គំរោង​នេះ ​ឡើង ដោយ​សារ​ឃើញ​ខេត្ត​ព្រះសីហនុ ​មាន​ការ​​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​មានការ​កើន​ឡើង​។ ​គំរោង​នេះ ​ស្ថិតនៅលើ​ផ្ទៃដី​៦៤​ហិកតា ​ដោយមាន​រោងចក្រ សហគ្រាស​ ចំនួន​១០​ហិកតា ​មាន​ផ្សារ ក្លឹប​ហាត់ប្រាណ សួន​កម្សាន្ត សាលារៀន​ និង​មាន​បុរី​ដែល​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​។ ​គំរោង​នេះ ​ក៏​មាន​ការសាងសង់​ផ្ទះ​សម្រាប់​កម្មករ ​ដែល​អាច​ស្នាក់​នៅ​បាន​ប្រមាណ​៥​ម៉ឺន​នាក់​ផងដែរ​។

លោក​បន្តថា “​កា​រ​សម្រេច​ចិត្ត​វិនិយោគ​គំរោង​នេះ​ឡើង​ ដោយសារ​ខេត្ត​ព្រះសីហនុ​មាន​ប្រជាជន​កើន​ឡើង​ខ្ពស់​ និង​មាន​ប្រាក់ចំណូល​កើន​ឡើង​ច្រើន ​ហេតុនេះ​ ទើប​យើង​វិនិយោគ​ផ្ទះ​តម្លៃ​ត្រឹម​ជាង​២០,០០០​ដុល្លារ​ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក ​ក៏ដូចជា​អ្នកមាន​ជីវភាព​មធ្យម​”​។​លោក​ បន្តថា “​ប្រជាពលរដ្ឋ​អាច​ទិញ​ផ្ទះ​សំរាប់​បង់​រំ​លោះ​បាន​ ដោយ​ពួកគេ​អាច​បង់​ដំបូង​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ​”​។

ជាមួយ​ នឹង​ផែនការអភិវឌ្ឍន៍​ច្បាស់លាស់ ក្រុមហ៊ុន​ក៏​បាន​និងកំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ធំៗ ដោយ​ផ្លូវ​មាន​ទទឹង​ចាប់ពី​១០​ម៉ែត្រ​ ទំហំ​១២​ម៉ែត្រ ​និង​ទំហំ​រហូតដល់​២៨​ម៉ែត្រ ដែល​ជា​ផ្លូវភ្លោះ​ក្នុង​គំរោង​។ គំរោង​នេះ ​នឹង​ប្រកាស​លក់​នៅ​ពាក់​កណ្តាល​ខែ វិច្ឆិកា​ខាងមុខនេះ​។

លោក​ យ៉ែ​ន សុខ​លីន​ បាន​បន្តថា តម្លៃ​ផ្ទះ​ក្នុង​គំរោង​នេះ​ មាន​ភាពខុសៗ​គ្នា​អាស្រ័យ​លើ​ទីតាំង ​ប៉ុន្តែ​យើង​រំពឹង​ទទួល​បាន​ជោគជ័យ ​ដោយសារ​ពេល​ប្រកាស​គំរោង​ភ្លាម ​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​។ ​លើសពីនេះ​ អ្នកទិញ​ផ្ទះ​ក្នុង​គំរោង​នេះ​ នឹង​ទទួល​បាន​តូច​ផ្សារ​សម្រាប់​លក់ដូរ ឬ​ ធ្វើ​អាជីវកម្ម​ផ្សេងៗ​ផងដែរ​។

យោង​តាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន ​FURI Real Estate ​បាន​រកឃើញថា​ ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៣០​ម៉ឺន​នាក់​ មាន​កាស៊ីណូ​ប្រមាណ​៨០​ទីតាំង​ ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់ ​ពិសេស​វិស័យ​ទេសចរណ៍​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ ​អន្តរជាតិ​ចន្លោះ​ពី​៨០០០ ទៅ​៩០០០​នាក់​ ទៅ​ទស្សនា​ក្នុង​មួយថ្ងៃ​។​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ​ពិសេស​អ្នកមាន​ផ្ទះជួល​ ដោយ​ពីមុន​ពួកគេ​អាច​ជួល​បាន​ប្រមាណ​៥០០​ដុល្លារ​ក្នុង​មួយខែ ​បច្ចុប្បន្ន​ពួកគេ​អាច​ជួល​បាន​ចន្លោះ​ពី​៥០០០​ទៅ​៨០០០​ដុល្លារ​ក្នុង​មួយខែ ​អាស្រ័យ​លើ​ទំហំ ​និង​ទីតាំង​របស់​ផ្ទះ​ស្ថិតនៅលើ​ផ្លូវធំ ​ឬ​ផ្លូវ​តូចៗ​៕