កម្ពុជា​-​អូស្ត្រាលី​ សន្យា​បន្ត​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​គ្រឿងញៀន​រួមគ្នា​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ទៀត


អគ្គ​ស្នងការ​នគរបាលជាតិ ​និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី ​បាន​សន្យា​បន្ត​បង្ក្រាប​ឧក្រិដ្ឋកម្ម ​ឆ្លងដែន​និង​គ្រឿងញៀន​រួមគ្នា​ឲ្យ​កាន់តែ​ល្អ​ប្រសើ​បន្ថែមទៀត ​ខណៈ​ប្រតិបត្តិកា​រួមគ្នា​កន្លងទៅ ​​បាន​ល្អ​ប្រសើរ ​​និង​ចាប់​បាន​ឧក្រិដ្ឋជន​ជាច្រើន​នាក់ ​។

ការសន្យា​របស់​ភាគី​ទាំងពីរ​ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​មួយ​រវាង​ឯកឧត្តម​នាយ​ ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាលជាតិ​ជាមួយ​អ្នកស្រី Naomi Binstead ​មន្ត្រី​សម្របសម្រួល​ជាន់ខ្ពស់​នគរបាល​ប្រចាំ​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុ​ជា ​នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ​ឆ្នាំ​២០១៨​នេះ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា​។

ថ្លែង​នៅក្រោយ​កិច្ច​ជំនួប​ពិភាក្សា​នោះ​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​លើក ឡើង​ថា​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ បាន​សន្យា​នឹង​បន្ត​ផ្តល់​នូវ​សម្ភារៈ​សម្រាប់​ពិនិត្យ ​គ្រឿង ​ញៀន​ដល់​អគ្គស្នងការ​នគរ​បាល​ជាតិ​មួយ​ចំនួនទៀត​សម្រាប់​ពិនិត្យ​នៅ​តាម​ច្រក​នានា ​ហើយ ក៏​នឹង​ផ្តល់​នូវ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ់​ដល់​មន្ត្រី​នគរបាល​កម្ពុ​ជា​បន្ថែមទៀត​ ក្នុងការ​ស៊ើបអង្កេត​នូវ​បទឧក្រិដ្ឋ​ឆ្លងដែន​ និង​គ្រឿងញៀន​ជាដើម​ទៀតផង​ដែរ​។

ឯកឧត្តម​ បាន​បន្តថា​«​នៅក្នុង​កិច្ច​ជំនួប​នោះ​ភាគី​អូស្ត្រាលី​បាន​កោតសរសើរ​ចំពោះ​កង​ កម្លាំង​នគរបាល​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​កម្លាំង​របស់​គេ​អស់​រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​នូវ​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ផ្សេងៗ​ ហើយ​​អូស្ត្រាលី​ ​បាន​អរ​គុណ​ដល់​កម្ពុជា​ដែល​បាន​ផ្លាស់ប្ដូរ​នូវ​ចារកម្ម​ជាមួយគ្នា​នាពេល​កន្លង​មក​។ភាគី​អូស្ដ្រាលី​ ​រំពឹងថា​ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ប្រកបដោយ​ភាព​រលូន​ជាង​មុន​ទៀត​នៅ​ពេល​ខាងមុខនេះ​»​។

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ អ្នកស្រី ​Naomi Binstead​ បាន​កោតសរសើរ​ចំពោះ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​បាន​ដាក់​នូវ​គោលនយោបាយ​បង្ក្រាប​គ្រឿងញៀន ​កាលពី​ឆ្នាំ​កន្លង​ទៅ​ដោយ​គោល​នយោបាយ​នេះ​ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ និង​ធ្វើការ​ចាប់ខ្លួន ​ឧក្រិដ្ឋជន​គ្រឿងញៀន​រហូតដល់​ជាង​មួយ​ម៉ឺន​ពីរពាន់​នាក់ ​និង​រឹបអូស​បាន​គ្រឿងញៀន​ជាង ​ប្រាំ​រយ​គីឡូក្រាម​ដែរនោះ​។

យ៉ាងណាក៏ដោយ​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ភាគី​ទាំងពីរ​រំពឹងថា​ កិច្ច​សហប្រតិបត្តិការ​រួម​គ្នា នាពេលខាងមុខ​រវាង​កងកម្លាំង​នគរបាល​កម្ពុជា ​និង​កងកម្លាំង​នគរបាល​សហព័ន្ធ​អូស្ត្រាលី​នាពេលខាងមុខ​នេះ ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់ បទល្មើស​ទាំងនោះ​៕