សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត ដែលកំពុងសិក្សា នៅប្រទេសចិន


នៅក្នុងឱកាសដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិត ចិន នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស និស្សិត ដែលកំពុងសិក្សា រៀនសូត្រ នៅសាធារណរដ្ឋប្រជាមានិត ចិន។
ថ្លែង សំណេះសំណាល ជាមួយក្រុមយុវជន និស្សិត នាឱកាសនេះ សម្តេច ភក្តី បាន នាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយៗនិស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះ និង តាមរយៈក្មួយៗក៏សូមផ្ដាំផ្ញើសួរសុខទុក្ខដល់និស្សិតកម្ពុជាទាំងអស់ដែលកំពុងរៀនសូត្រនៅទូទាំងប្រទេសចិន ប្រកបដោយមនោសញ្ជេតនានឹករលឹក និងស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅក្រៃលែង ។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានជម្រាបជូនផងដែរ អំពីសភាពការណ៍នយោបាយរបស់ប្រទេសជាតិ ពីស្ថានភាពសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ក្មួយៗ ៖
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា យើងរក្សាការពារបាន ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីយ៉ាងគត់មត់ រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំ ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ បន្តអភិវឌ្ឍប្រទេសជាតិរីកចំរើនឆាប់រហ័ស និង រឹងមាំជាលំដាប់។ ឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ប្រជាជនយើងបានអញ្ជើញទៅបោះឆ្នោតចំនួន ៨៣,០២% នៃចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៧៦,៨៥% គិតតាមរូបមន្តមធ្យមភាគខ្ពស់ដែលច្បាប់បោះឆ្នោតបានកំណត់។ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ១០០% នៅក្នុងរដ្ឋសភា (១២៥/១២៥អាសនៈ)។
​ សម្តេចភក្តី បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជាយើង នៅក្នុងឆ្នាំ២០១៧ នៅតែរក្សាបានកំណើនក្នុងរង្វង់៧%។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈវស័យឧស្សាហកម្ម, កម្មន្តសាល, សំណង់, កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ អចលនទ្រព្យជាដើម។ កម្ពុជាបាននឹងកំពុងផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម ….។

​មុនបញ្ចប់ សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ “ក្មួយៗទាំងអស់ ត្រូវតែរួមសាមគ្គីគ្នា​រឹងមាំ​ ខិតខំរៀនសូត្រហើយគោរពច្បាប់ប្រទេសម្ចាស់ផ្ទះ គោរពវិន័យ​របស់សាលា ដើម្បីក្លាយខ្លួនជានិស្សិតឆ្នើម ពោរពេញដោយកិត្តិយស​ ។
ប្រទេសជាតិ​ រងចាំក្មួយៗរៀនចប់ ទទួលបានសញ្ញាប័ត្រខ្ពស់ៗ​ ហើយបន្តវេនកសាង អភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន រឹងមាំ ក្លាយជាអច្ឆរិយប្រទេសក្នុងតំបន់ មានភាពស៊ីវីល័យ និងសេចក្ដីស្រលាញ់ មិនមានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលឡើយ ។