ឯកឧត្តម អ៊ិត សំហេង៖ ឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលករ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយវ៉ែត


(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយ លោកជំទាវ Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃរដ្ឋគូវ៉ែត រួចមក ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៩ កម្ពុជានឹងបញ្ជូនពលកររបស់ខ្លួនចំនួន ៥ពាន់នាក់ ទៅបម្រើការងារលើកដំបូងនៅប្រទេសគុយវ៉ែត។

ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ ប្រមុខក្រសួងការងាររបស់កម្ពុជា និងគុយវ៉ែត បានព្រមព្រៀងគ្នាថានឹងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយវិនិយោគិនគុយវ៉ែត ក៏មានបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «កម្ពុជានឹងរៀបចំកម្លាំងពលកម្មរបស់ខ្លួន ដែលបានជ្រើសរើសគ្រប់លក្ខខណ្ឌចំនួន ៥ពាន់នាក់ ជាលើកដំបូង ទៅបម្រើការងារនៅប្រទេសគុយវ៉ែត ហើយកម្លាំងពលកម្មនេះ ជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ប្រសិនបើស្ថានភាពនៅប្រទេសគុយវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជាទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យមានការបញ្ជូននេះឱ្យបានកាន់តែច្រើន។

ចំពោះលក្ខខណ្ឌជ្រើសរើសពលករទៅបម្រើការងារ នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ត្រូវមានការបណ្ដុះបណ្ដាលជាមុន ដើម្បីឱ្យស្គាល់ពីស្ថានភាពប្រទេសទទួល ស្គាល់ពីវប្បធម៌ និងជំនាញការងារ ពិសេសលក្ខខណ្ឌក្នុងការរស់នៅ នៅទីនោះផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទាំងនេះគឺស្របទៅនឹងគោលនយោបាយ «បើកចំហទៅកាន់តំបន់មជ្ឈិមបូព៌ា» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕