ឯកឧត្តម សុខ ឥសាន បានលើកឡើងថា សហរដ្ឋអាមរិក ដែលជាប្រទេសមហាអំណាចមួយនោះ សព្វថ្ងៃនេះកំពុងតែមាន ការរើសអើងនូវសិទ្ធិសេរីភាព ខាងនយោបាយ និងការបញ្ចេញមតិ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា សហរដ្ឋអាមរិក ដែលជាប្រទេសមហាអំណាចមួយនោះ សព្វថ្ងៃនេះកំពុងតែមាន ការរើសអើងនូវសិទ្ធិសេរីភាព ខាងនយោបាយ និងការបញ្ចេញមតិ។

កន្លងទៅមានតំណាងរាស្រ្ត អាមេរិកមួយចំនួន តែងតែលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ដោយបានចាប់មេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក កឹម សុខា ដាក់ឃុំឃាំង ក្នុងពន្ធនាគារ និងបានបិទសិទ្ធិនយោបាយ សមាជិកគណបក្សសង្រ្គោះជាតិ (CNRP)ទាំង១១៨រូប មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ ថែមទៀតផង។

យោងតាមប្រព័ន្ធតេឡេក្រាម របស់ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា កន្លងទៅពួកអគតិមួយចំនួន បាននិយាយវាយប្រហារ មកលើកម្ពុជាថា មានការរិតត្បិតខាងសិទ្ធិសេរីភាព ខាងនយោបាយនិងការបញ្ចេញមតិ ។

ឯកឧត្តមបន្តថា “ប៉ុន្តែបើគេសង្កេតមើល លើសភាពការណ៍ ជាក់ស្តែង នៅក្នុងប្រទេសអាមេរិកថ្មីៗនេះ គេនឹងឃើញថា នៅប្រទេសមហាអំណាច មួយនេះ ពោរពេញទៅដោយការរើសអើង ខាងសិទ្ធិសេរីភាព ខាងនយោបាយ និងការបញ្ចេញមតិ” ។

ឯកឧត្តមថា ក្នុងចំណោមជនជាតិខ្មែរ ដែលបានមករស់នៅអាមេរិក រាប់សិបឆ្នាំហើយ ក៏មានការរើសអើងនយោបាយ និងការបញ្ចេញមតិ យ៉ាងជាក់ស្តែងដែរ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្រុមពលរដ្ឋខ្មែរដែលប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា បែរទៅរើសអើង ជាមួយនឹងពលរដ្ឋខ្មែរ ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយនាំគ្នាជេរ ប្រមាថអ្នកគាំទ្រ រាជរដ្ឋាភិបាល ហើយសុទ្ធតែគំរាមកំហែងថា នឹងថតរូបកត់ឈ្មោះទុក ឲ្យរបបក្រុងវ៉ាស៊ីនតោន ចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។

ឯកឧត្តមបន្តថា តើនេះឬ ជាចរិតជនរស់នៅ ក្រៅប្រទេស ដែលហៅថា ប្រទេសស៊ីវីល័យនោះ ? នេះគឺជាការរើសអើង ខាងនយោបាយ និងរំលោភសិទ្ធិខាងការបញ្ចេញមតិ៕