ក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែងប្រវែង ៤៥ ម៉ែត្រ ស្ថិតនៅភូមិ ស្ដុកកប្បាសឃុំ បន្ទាយព្រាលស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង
កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង សហការជាមួយប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទរៀបចំផែនការដើម្បីកសាងផ្លូវតភ្ជាប់ពីក្បាលស្ពានសងខាងប្រវែង ៥០០ ម៉ែត្រ ។
ស្ពាននេះបានចាប់ផ្ដើមកសាងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះលទ្ធផលសម្រេចបាន ៩០%ហើយ គ្រោងបញ្ចប់ ១០០% នៅខែវិច្ឆិកា ឆ្នាំ២០១៨ ។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ DBST មួយខ្សែប្រវែង ៦ គីឡូម៉ែត្រ នៅភូមិអណ្ដូងច្រុះ រលាប្អៀរ ស្រុករលាប្អៀរ ជាលទ្ធផលសម្រេចបាន ៧៥% ក្នុងនោះ ឯកឧត្ដម បានណែនាំដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋាន ឲ្យរៀបចំ និងបង្ហាប់តាមជើងទេរ និងចិញ្ចើមនៃតួរផ្លូវឲ្យបានល្អ រឹងមាំ ដើម្បីការពារទឹកហូរច្រោះ ៕