ឯកឧត្តម ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានជួបសំណេះសំណាល និងស្តាប់មតិយោបល់ប្រជាពលរដ្ឋជាង១០០នាក់ នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំឡើងនៅភូមិសន្សំកុសល៤ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងវេទិកានោះ គឺប្រជាពលរដ្ឋបានឡើងសំដែងមតិ និងបញ្ចេញយោបល់ជាច្រើន ទាក់ទងនឹងការរស់នៅក្នុងសហគមន៍ និងការដឹកនាំ របស់ក្រុមការងារ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ពេជ្រ កែវមុនី បានស្តាប់ពីការលើកឡើងរបស់ប្រជាពលរដ្ឋ និងបានទទួលយករាល់មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងនោះ ឯកឧត្តម ក៏បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ពេជ្រ កែវមុនី មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕