ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យក្រុមហ៊ុន តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD ដែលជាក្រុមបង្កើតថាមពលអគ្គិសនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការ វិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី។ នៅក្នុងឱកាសជួបពិភាក្សានេះ តំណាងក្រុមហ៊ុនបានគោរពជូនលោករដ្ឋមន្រ្តី សាយ សំអាល់ អំពីគោលដៅ និងលទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គិសនីដោយការច្នៃសំណល់ ថាមពលអគ្គិសនីដោយកង្ហារខ្យល់ ថាមពលអគ្គិសនីដោយជីវឧស្ម័ន ថាមពលអគ្គិសនីដោយជីវម៉ាស់ជាដើម។ ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុនក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធានដែលមានការគិតគូរពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស។ ក្រសួងបរិស្ថាន មិនទាន់សម្រេចយ៉ាងណាឡើយចំពោះសំណើនេះដោយទុកពេលធ្វើការសិក្សាឱ្យបានលម្អិតជាមុនសិន។