ក្រសួង​បរិស្ថាន ប្រកាស​បដិសេធ​រាល់​ឯកសារ​កាន់កាប់​ដី​ខុសច្បាប់ នៅ​គីរីរម្យ


ក្រសួង​បរិស្ថាន ​បាន​ប្រកាស​បដិសេធ​នូវរាល់​ឯកសារ​ពាក់ព័ន្ធ​នឹងការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ដូចជា ការ​កាប់​ទន្ទ្រាន​កាន់កាប់ ការផ្ទេរ និង​ទិញ​លក់ដី​ដោយ​ខុសច្បាប់។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០១៨។

ការ​ប្រកាស​ខាងលើនេះ បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា តំបន់​មួយ​ចំនួន​នៅក្នុង​ឧទ្យាន​ជាតិនេះ មាន​ចលនា​ទន្រ្ទាន​កាន់កាប់​ដីរដ្ឋ​ដោយខុសច្បាប់ ទោះបី​ជាក្រសួង រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ខិតខំ​ការពារ និង​ទប់ស្កាត់​យ៉ាងណា​ក៏ដោយ។

ជាមួយគ្នា​នេះ ក្រសួង​បរិស្ថាន បាន​អំពាវនាវឱ្យ​អ្នក​ដែល​បាន​នឹង​កំពុងកាន់កាប់ដី​ដោយខុសច្បាប់ បញ្ឈប់​សកម្មភាព​ទាំងអស់ (ការឈូសឆាយ និង​ការសាងសង់​សំណង់​នានា…) ជា​បន្ទាន់ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់​ទីតាំង​ដី​ទាំងនោះ ដោយ​ឥត​លក្ខខណ្ឌ ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រងវិញ។

ទន្ទឹមនឹង​នេះ ក្រសួងក៏​បានណែនាំ​ឱ្យ​រដ្ឋបាល​មូលដ្ឋាន ជាពិសេស​ភូមិ ឃុំ និងស្រុក បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បញ្ជាក់​លើលិខិត​ ទិញ-លក់​ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់​លើប្លង់បង្ហាញទីតាំង​ដី នៅក្នុងដែន​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ គីរីរម្យ​ផងដែរ៕