កម្ពុជា រៀបចំ​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​


(​ភ្នំពេញ​)៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​មកពី​ប្រទេស​បារាំង ចិន ភូមា ថៃ ឡាវ វៀតណាម និង​តំណាង​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក (World Health Organization-WHO) ជាដើម​។ សន្និសីទ​ថ្នាក់​តំបន់​នេះ នឹងធ្វើ​ឡើង រយៈពេល ២ ថ្ងៃ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៥-០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បង្ហាញថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ( គ​.​ប​.​ផ​.​ក ) បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងសុខាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ ( IRACM ) នៃ​សាធារណរដ្ឋ​បារាំង នឹង​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់ ស្តីពី “​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​” នា​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អ​ថិ​ប​តី​ភាព​ក្នុង​ពិធី​បើក​សន្និសីទ នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ស​ន្និ​សី នា​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ និង​ឥស្សរជន​អន្តរជាតិ​នានា មកពី​ប្រទេស​បារាំង ចិន ភូមា ថៃ ឡាវ វៀតណាម និង​តំណាង​ជាន់ខ្ពស់​របស់​អង្គការសុខភាពពិភពលោក ស្ថាប័ន​ស្រាវជ្រាវ​នានា ពាក់ព័ន្ធ​ជាមួយ​វិស័យ​សុខាភិបាល និង​ផលិតផល​សុខាភិបាល ក៏ដូចជា តំណាង UNITAID តំណាង​នគរបាល INTERPOL ព្រមទាំង​វត្តមាន​អស់លោក​លោកស្រី មកពី​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ចូលរួម​សរុប​ប្រមាណ៤៥០នាក់​៕