នាព្រឹកថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធនទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអនុញ្ញាតឲ្យក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គ (MRC) ឆ្នាំ ២០១៦-២០២០ ដឹកនាំដោយលោក ជេរេមី ប៊ឺត (Jeremy Bird) ប្រធានក្រុមបេសកកម្ម និងជាអតីតនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្រ្តី និងការជម្រាបជូនអំពីគោលបំណងនៃបេសកកម្ម ដោយលោក ជេរេមី ប៊ឺត រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែល MRC សម្រេចបានតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៦-២០២០ ក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ និងឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ និងគាំទ្រយ៉ាងសកម្មក្នុងគោលដៅយុទ្ធសាស្រ្តដ៏មានសារសំខាន់នេះ ។
ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាព និងភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្ត ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ជាគន្លឹះមួយចំនួនដែលត្រូវគិតគូរ និងយកចិត្តទុកដាក់ ដូចខាងក្រោម ៖
– ត្រូវខិតខំបន្តលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតាមបទដ្ឋានគតិយុត្តិជាធរមាន និងការសម្រេចរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC និងមានកិច្ចសហការល្អជាមួយប្រទេសជាសមាជិក
– ត្រូវពិនិត្យ និងធ្វើការវាយតម្លៃឡើងវិញ ការងាររបស់គណៈកម្មការទន្លេមេគង្គ
– ត្រូវបន្តខិតខំពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវកំណត់ការងារទទួលខុសត្រូវឲ្យបានច្បាស់លាស់ក្នុងចំណោមយន្តការតំបន់នានា
– ត្រូវបង្កើនការយកចិត្តទុកដាក់លើការពង្រឹងការព្យាករណ៍ទឹកជំនន់ គ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គ ឲ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពសុក្រិត្យ និងបានទាន់ពេលវេលា
– ត្រូវបង្កើនសមត្ថភាពមន្រ្តីជំនាញនៃប្រទេសជាសមាជិកលើគ្រប់ជំនាញពាក់ព័ន្ធ ដោយផ្អែកលើតម្រូវការចាំចាច់ជាក់ស្តែង
– ត្រូវពិនិត្យ និងដាក់បញ្ចូលសកម្មភាពជាអទិភាពដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ ក្នុងផែនការយុទ្ធសាស្រ្តបច្ចុប្បន្ន និងខាងមុខ និងត្រូវជម្រុញការអនុវត្តឲ្យមានប្រសិទ្ធភាព
– ត្រូវបន្តខិតខំក្នុងការគៀងគររកជំនួយ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តឲ្យបានពេញលេញ ។
លោក ជេរេមី ប៊ឺត តំណាងក្រុមបេសកកម្ម បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ ឆ្លៀតពេលអនុញ្ញាតឲ្យក្រុមការងាររបស់លោក បានចូលជួបសំដែងការគួរសម និងបានទទួលនូវអនុសាសន៍ដ៏ល្អៗ សម្រាប់ពង្រឹងការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុប្បន្ន ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវសេចក្តីសង្ឈឹមថា បេសកកម្មនេះ នឹងរកឃើញនូវចំនុចវិជ្ជមាន ដែលត្រូវពង្រឹងបន្ថែម និងចំនុចខ្វះខ្វាត និងការងារជាអទិភាពដែលត្រូវយកចិត្តទុកដាក់ សម្រាប់ប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត MRC ឆ្នាំ ២០១៦-២០២០ និងក៏ជាទុនសម្រាប់ការរៀបចំ និងការអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលបន្ទាប់របស់ MRC ។ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមបេសសកម្ម ឲ្យទទួលបានជោគជ័យសម្រាប់កិច្ចការដ៏មានសារសំខាន់នេះ៕