ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដនាំអំណោយអាវរងាររបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិទិសទី៤ នៃយោធភូមិភាគទី៥


(បាត់ដំបង)៖ ​ទេសរដ្ឋមន្រ្តី​ គន់ គីម តំណាង​​សម្តេចតេជា ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បាននាំយកអាវរងារ​ដែលជាអំណោយរបស់សម្តេចទាំងពីរទៅចែកជូន​កងកម្លាំងប្រដាប់អាវុធ នៅសមរភូមិទិសទី៤ នៃយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤។​

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ​បាននាំការផ្តាំផ្ញើ​សួរសុខទុក្ចរបស់សម្តេចទាំងពីរ ជូនដល់កងកម្លាំងទាំងអស់ និងក្រុមគ្រួសារ ដោយទឹកចិត្ត អាណិតស្រឡាញ់ និងយល់ពីការលំបាករបស់កងទ័ព ទើបសម្តេចឲ្យលោក​​នាំយកអាវងារមកចែកជូន ឲ្យបានទាន់ពេល​​ដូច្នេះ ​កងទ័ពទាំងអស់​ត្រូវ​ដឹងគុណសម្តេច​ ​ហើយធ្វើខ្លួនឲ្យក្លាយជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែគោរព និងអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន​ ជាប្រមុខ និងត្រូវត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ​ មិនឲ្យអ្នកណាមកបំផ្លាញបានឡើយ។

ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធទាំងអស់​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចទាំងពីរ ដែលកងទ័ពចាត់ទុក​សម្តេចទាំងពីរ ជាអគ្គភស្តុភារជាន់ខ្ពស់​របស់កងទ័ព ព្រោះសម្តេចតែងតែដោះស្រាយរាល់ការលំបាក​ ដូចជាផ្តល់ដី ផ្តល់ផ្ទះសម្បែង ប្រេងបូមទឹក ប្រាក់ហូបបន្ថែម តម្លើងប្រាក់ខែជារៀងរាល់ឆ្នាំ​ ជាពិសេសខែភ្លៀងចែកអាវភ្លៀង ខែរងារចែកអាវរងារ និងសូមប្តេជ្ញាចិត្តការពារសម្តេចតេជោ ហ៊ុន សែន ការពាររាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងនាំប្រទេសជាតិទៅរកអស្ថេរភាពសង្គម។

សូមបញ្ជាក់ថា អាវរងារដែលទេសរដ្ឋមន្ដ្រី​ គន់​ គីម នាំមកជូនកងកម្លាំងនៅ​ថ្ងៃនេះ ចំពេលដែលតំបន់នេះកំពុងត្រជាក់ ហើយជានិច្ចជាកាលនៅឲ្យតែដល់រដូវនេះ គេតែងឃើញលោក នាំយកអំណោយជូនកងទ័ពជានិច្ចមិនដែលរំលងនោះឡើយ ក្រោយមានការណែនាំ និងចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕​