(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណ បេឡាសន្តិសុខសង្គម របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់សមាជិកអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង ចំនួន១,៩៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងពីការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន បើទោះជាសម្តេចជាប់រវល់យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយបានពីការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ច។
ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោកទេសរដ្ឋមន្ដ្រី នាំប័ណ្ណបេឡាសន្តិសុខសង្គម មកចែកជូនសមាជិក។ ដោយឡែកថ្ងៃនេះ តាមរយៈ ទេសរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខសមាជិកទាំងអស់គ្នា និងសូមអរគុណសមាជិកដែលគាំទ្រសម្តេច បោះឆ្នោតជូនសម្តេច។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានបញ្ជាក់ថា ក្រោយការបោះឆ្នោតដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់បងប្អូន ដែលជាម្ចាស់ឆ្នោត ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវតែខិតខំបម្រើសមាជិកបានល្អថែមទៀត។
ដោយមានសំណូមពរពីសមាគមអតីតយុទ្ធជនខេត្ត លោកបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះ ជូនអតីតយុទ្ធជនដែលជួបការលំបាកចំនួន២៣ខ្នង ហើយលោកក៏បានឲ្យថ្នាក់ដឹកនាំសមាគម បន្តពិនិត្យមើលគ្រួសារអតីតយុទ្ធជន ដែលមានដីអត់ផ្ទះ ឬផ្ទះមិនសមរម្យដើម្បីស្នើសុំសម្តេចសាងសង់ជូនបន្ថែមទៀត៕