លោកជំទាវ ម៉ែន សំអន ស្នើឱ្យចិនជួយពង្រឹងសមត្ថភាពវិស័យអធិការកិច្ច នៅកម្ពុជា


ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦–រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើឱ្យចិន ជួយដល់កម្ពុជាលើវិស័យអធិការកិច្ច ដើម្បីជំរុញឱ្យការអនុវត្តវិស័យនេះ កាន់តែមានប្រសិទ្ធ ភាពខ្ពស់សម្រាប់ចូលរួមពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឱ្យចំទិសដៅ។
ក្នុងជំនួប សម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ស្នើ ឱ្យភាគីចិនជួយពន្លឿនការរៀបចំនីតិវិធីលើវិស័យអធិការកិច្ច ដើម្បីឈានទៅចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា ជាមួយក្រសួងត្រួតពិនិត្យ នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។
លោកជំទាវបានបញ្ជាក់ថា ការពន្លឿនចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងពីរនេះ គឺដើម្បីឱ្យភាគីចិន ចាត់បញ្ជូនមន្រ្តីជំនាញមកជួយពង្រឹងសមត្ថភាពវិស័យ អធិការកិច្ចនៅកម្ពុជា ក្នុងការជំរុញឱ្យភាគី កម្ពុជាអាចពង្រឹងសមត្ថភាពក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសស្របតាមដំណើការ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ភាគីចិនមិនត្រឹមតែជួយលើបច្ចេកទេស ប៉ុណ្ណោះទេ គឺគ្រោងផ្តល់ជំនួយជាសម្ភារ និងដំណើរទស្សនកិច្ចសិក្សារបស់មន្រ្តី ជំនាញកម្ពុជាទៅ ស្វែងយល់ពី បទពិសោធន៍ការងារនៅឯប្រទេសចិនផងដែរ។
លោកជំទាវបានអះអាងថា កម្ពុជាចាំ បាច់ណាស់ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិជាមួយ សាធារណរដ្ឋ ប្រមានិតចិននេះ ខណៈដែលវិស័យអធិ ការកិច្ចរបស់ចិនកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការពន្លឿន កិច្ចអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។
ម្យ៉ាងទៀតកម្ពុជាក៏កំពុងតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីអធិការកិច្ចដែលទាមទារ ឱ្យមានការចូលរួម ផ្តល់បទពិសោធន៍ និងបច្ចេកទេសពីបណ្តាប្រទេសដែលមានការរីកចម្រើនលើ វិស័យនេះ ដើម្បីឱ្យសេចក្តី ព្រាងច្បាប់ដែលក្រសួងកំពុងតែរៀបចំ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយអាចទទួលយកបានទាំងអស់គ្នា។

man-som-ron-04-10-2016-1

man-som-ron-04-10-2016-3

man-som-ron-04-10-2016-2

man-som-ron-04-10-2016-4