ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោក Truong Minh Trung នាយករងនៃសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម VRG និងសហការីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគដាំដុះដំណាំកៅស៊ូនៅកម្ពុជា


ជាកិច្ចចាប់ផ្តើម លោក Trung បានធ្វើការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម។ ចំពោះគម្រោងវិនិយោគរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាវិញ គឺបច្ចុប្បន្នសម្ព័ន្ធបានធ្វើការដាំដុះដំណាំកៅស៊ូបានជាង ១០ម៉ឺនហត ដោយក្នុងនោះបានស្រូបយកកំលាំងពលកម្មជាង ២ម៉ឺននាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរជាទីមោទនៈនោះគឺ ទីផ្សារអន្តរជាតិបានធ្វើការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគុណភាពនៃជ័រកៅស៊ូដែលបានដាំដុះនៅលើទឹកដីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាសមិទ្ធិផលនានាដែលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមសម្រេចបានកន្លងមក។ ទន្ទឹមនឹងនេះ ដោយសង្គេតឃើញពីបញ្ហាប្រឈមដូចជាការធ្លាក់ចុះនៃតម្លៃ និងទីផ្សារនៃផលិតផលជ័រកៅស៊ូនិងម្រេចកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់រដ្ឋាភិបាលវៀតណាម ជាពិសេសសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិនិត្យពិចារណាគាំទ្រប្រមូលទិញផលិតផលជ័រកៅស៊ូ និងម្រេច ជាពិសេសពីកៅស៊ូគ្រួសារកម្ពុជា ក្នុងតម្លៃសមស្របដើម្បីធ្វើការកែច្នៃ និងនាំចេញ។

ជាការឆ្លើយតបទៅនឹងសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី លោក Trung បានបញ្ជាក់ផងដែរថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនឹងអនុវត្តប្រមូលទិញជ័រកៅស៊ូគ្រួសារកម្ពុជាក្នុងតម្លៃសមស្របឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាជួយកាត់បន្ថយបញ្ហាប្រឈមដែលកៅស៊ូគ្រួសារកម្ពុជាកំពុងតែជួបប្រទះ ដើម្បីស្តារ និងអភិវឌ្ឍន៍វិស័យកៅស៊ូកម្ពុជាប្រកបដោយចីរភាព។