នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិទ្យាល័យ ១០ មករា ឆ្នាំ១៩៧៩ ខេត្តសៀមរាប ក៏ដូចសាលាបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យទូទាំងប្រទេស មានពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងលោក ទៀ សីហា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប មន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ១០ មករា ឆ្នាំ១៩៧៩ តំណាងមាតាបិតាសិស្ស-អាណាព្យាបាលសិស្ស និងសិស្សានុសិស្សចូលរួមទាំងអស់សរុបមានចំនួន ៤៩៥០នាក់។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ លោក ទៀ សីហា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីទាំងមូលបានជ្រាប ព្រមទាំងមានមតិសំណេះសំណាល ជាមួួយសិស្សានុសិស្ស និងផ្ដល់នូវអនុសាសន៍ និងដំបូន្មានល្អៗ ដល់សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ការណែនាំ បង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីក្រេបយកចំណេះដឹងល្អៗ ព្រោះវិស័យអប់រំ គឺជាវិស័យគោល សិស្សានុសិស្សជាសរសរទ្រូងរបស់ប្រទេសជាតិ និងជាទំពាំងស្នងឬស្សី ដើម្បីបន្ដវេនដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងដើម្បីយកចំណេះមកអភិវឍ្ឍន៍ខ្លួនឯង និងសង្គមជាតិឲ្យមានភាពរីកចម្រើន រុងរឿង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រជាជាតិមាតុភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការរក្សាបាននូវសុខសុវត្តិភាពសង្គម កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចេរភាព ប្រជាធិបតេយ្យ និងរក្សាបាននូវសន្តិភាពសង្គម ដើម្បីបន្តឲ្យប្រជាជនកម្ពុជាយើងរស់នៅប្រកបដោយភាពសុខដុមរមនាជានិច្ចជានិរន្តន៍។