អភិបាលខេត្តរតនគិរីចាត់ទុកថ្ងៃបើកបវេសនកាល គឺមានអត្ថន័យ បំផុតសម្រាប់ក្មួយៗ សិស្សានុសិស្ស


ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានចាប់ទុកថ្ងៃបើកបវេសនកាលឆ្នាំ សិក្សា ២០១៨-២០១៩ គឺមានអត្ថន័យបំផុតសម្រាប់ក្មួយៗ សិស្សានុសិស្សហើយ គឺជាថ្ងៃ ដែលសាលារៀនបើកទ្វារទទួលក្មួយៗអោយចូលរៀនឡើងវិញបន្ទាប់ពីសម្រាកវិស្សមកាល អស់រយៈពេល ២ ខែកន្លងមកនេះ ។

ប្រសាសន៍លើកឡើងបែបនេះ គឺក្នុងឳកាសដែល ឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ ដែលរៀនចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាវិទ្យាល័យ សម្តេចឳ សម្តេចម៉ែ កាលពីព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៅកាន់ ក្មួយៗ សិស្សានុសិស្ស មកពីសាលារដ្ឋ និងឯកជនក្នុងក្រុងបានលុង ប្រមាណជាង ២០០០ នាក់ ដោយបាន ជម្រុញ និងលើកទឹកចិត្តអោយក្មួយៗទាំងអស់ខិតខំរៀនសូត្រ និងចាប់យកក្តារឈ្នួន ប៊ិច សៀវភៅ សាលារៀនជាមិត្តសម្លាញ់ និងរៀនដើម្បីអភិវឌ្ឍន៍ សម្រាប់ខ្លួនឯង រៀនដើម្បីគ្រួសារ និងរៀនដើម្បីសង្គមជាតិទាំងមូល ហើយសូមចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញអោយឆ្ងាយពីការ ប្រើប្រាស់គ្រឿងញៀនដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ឯកឧត្តម ថង សាវុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលបានខិតខំប្រឹងប្រែង ជាមួយនិងឆន្ទៈមោះមុតបំផុត ធ្វើអោយវិស័យអប់រំក្នុងខេត្តរតនគិរីមានការរីកចម្រើនគួរ អោយមោទនៈ ដែលការណ៍នេះសរបញ្ជាក់អោយឃើញអំពីការចូលរួមចំណែកការអនុវត្ត កំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណ ភាព ។

ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ ៥ ចំណុច ដល់គ្រប់អ្នកដែរពាក់ពន្ធ ក្នុងវិស័យអប់រំទាំងអស់ត្រូវខិតខំអនុវត្តអោយសម្រេចបានមានដូចជា ៖ ១. នាយកសាលា គ្រប់ភូមិសិក្សាត្រូវគ្រប់គ្រងការងារអោយបានល្អ និងត្រូវសហការជាមួយគណៈកម្មការ ទ្រទ្រង់សាលារៀន ដើម្បីអភិវឌ្ឍន៍សាលារៀន និងជួយដល់កុមារក្រៅសាលាអោយពួកគេ ត្រឡប់មកនាក់សាលារៀនវិញ និងបន្តការសិក្សារៀនសូត្រពេញមួយជីវិត ២. លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សអោយបានល្អ សូមកុំបង្រៀនសិស្សអោយគ្រាន់តែចាំពោលគឺ បង្រៀនសិស្សអោយ ចងចាំ យល់ អនុវត្ត កវិភាគ វាយតម្លៃ ឆ្នៃប្រឌិត ៣.អាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ ក្រុង/ស្រុកត្រូវធ្វើការសហការជាមួយបុគ្គលិកអប់រំ និងអ្នកពាក់ពន្ធក្នុងគោល បំណងលើកកម្ពស់ការគាំទ្រវិស័យអប់រំក្នុងមូលដ្ឋានរបស់ខ្លួន ៤.មាតាបិតា អាណាព្យា បាលគ្រប់រូបត្រូវជុំរុញលើកទឹកចិត្តកូនចៅអោយមកសាលារៀន និងបន្តការសិក្សារហូត ដល់ចប់ឆ្នាំសិក្សា ៥.ប្អូនៗ ក្មួយៗសិស្សានុសិស្សជាទីស្រលាញ់ ត្រូវត្រៀមខ្លួនអោយបាន ល្អ ស្តាប់ដំបូន្មានគ្រូ មាតាបិតា ដើម្បីទទួលយកចំណេះដឹង ជំនាញ និងទទួលបានលទ្ធ ផលចុងឆ្នាំ ។

សូមបញ្ជាក់ផងដែរថា តាមការលើកឡើងរបស់លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបានអោយដឹងថា នៅទូទាំងខេត្តរតនគិរី មានមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅសាធារណៈ និងឯកជនសរុបចំនួន ៤២២ សាលា និងបាន ផ្តល់សេវាអប់រំដល់សិស្សសរុបទូទាំងខេត្តចំនួន ៥៧,១០៤ នាក់ ស្រី ៤៨,៥០% ក្នុងនោះ រួមមានមត្តេយ្យសិក្សាដាច់ដោយឡែក មត្តេយ្យក្នុងបឋម មត្តេយ្យឯកជន មត្តេយ្យ សហគមន៍ មត្តេយ្យសហគមន៍ពហុភាសាសរុប ១៧៣ កន្លែងផ្តល់សេវាអប់រំដល់កុមារ ១,៧៥៥ នាក់ ក្នុងនោះកុមារី ៤៨,៨៨ % ។ បឋមសិក្សាមានចំនួន ២២០ សាលា ផ្តល់សេវាអប់រំដល់សិស្សបានចំនួន ៤០,៣៨៤ នាក់ ស្រី ៤៣,៦៣ % ក្នុងនោះសិស្សជា ជនជាតិដើមភាគតិចមានចំនួន ២៣,៥៦៤ នាក់ ស្រី ៤៨,៦៧ % ។ អនុវិទ្យាល័យមាន ចំនួន ១៧ សាលា ផ្តល់ការអប់រំដល់សិស្សសរុប ៦,៧៤៤ នាក់ ស្រី ៤៧,៩៥ % ។ វិទ្យាល័យមានចំនួន ១២ សាលា ផ្តល់ការអប់រំដល់សិស្សសរុប ២,៥៥១ នាក់ ស្រី ៤៧,៦៦ % ។ គិតត្រឹមឆ្នាំ ២០១៨ នេះទូទាំងខេត្តរតនគិរីមានអគារសិក្សាសរុប ៤៤៤ ខ្នង ស្មើនិង ១,៥១៧ បន្ទប់ ក្នុងនោះសំណង់អគារសិក្សាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន ៤៧ ខ្នង ស្មើនិង ២៩៦ បន្ទប់ រួមទាំង ហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀតផងដែរ៕