សិស្សពូកែជិត៤ពាន់នាក់ ទទួលសម្ភារសិក្សា និងថវិកាពីសម្តេចតេជោ ហ៊ុន សែន តាមរយៈអភិបាលរាជធានីភ្នំពេញ


ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទាំងសំភារៈសិក្សា និងថវិកាមួយចំនួន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនដល់សិស្សពូកែទូទាំងរាជធានីភ្នំពេញ ជិត៤០០០នាក់ នៅអនុវិទ្យាល័យចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក៏លើកឡើងថា នេះជាលើកទី១៨ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែទូទាំងរាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលបានលើកឡើងថា ការប្រារព្ធពិធីនាថ្ងៃនេះ គឺជាលើកទី១៨ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញ ពីការយកចិត្តទុកដាក់ មកលើវិស័យអប់រំ ដែលតែងតែគិតគូរយកចិត្តទុកដាក់ជារៀងរាល់ឆ្នាំ ជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសម្រាប់ លើកទឹកចិត្ត និងសំណេះសំណាលផ្ទាល់ ផ្តល់ឱវាទដល់គណៈនាយកគ្រប់គ្រងគ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យខិតខំបង្រៀន និងរៀន។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិកា និងសម្ភារៈសិក្សារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូនដល់សិស្សានុសិស្ស ជាពិសេសសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ ប្រចាំប្រទេស ក៏ដូចជាសិស្សពូកែថ្នាក់អន្តរជាតិផងដែរ។

ឯកឧត្តម ឃួង ស្រេង បានមានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា​ឆ្នាំ១៩៧៩ មកកម្ពុជាជួបវិបត្តិគ្រប់វិស័យ ដោយឡែកវិស័យអប់រំនេះផ្ទាល់ មានការខ្វះខាតគ្រូបង្រៀន ដោយកាលនោះគ្រូបង្រៀនមិនទាន់មាន ប្រាប់ឧបត្ថម្ភផ្សេងៗ ដូចក្នុងពេលបច្ចុប្បន្ននេះទេ។​ឯកឧត្តមបានបន្តទៀតថា កម្ពុជាបច្ចុប្បន្ននេះ គឺជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទៅមុខ ជាក់ស្ដែងផ្នែកអប់រំ បាននឹងកំពុងអនុវត្តកំណែទម្រង់ស៊ីជំរៅ ដើម្បីអោយផ្នែកអប់រំមានគុណភាពខ្ពស់​ដូចដែលយើងបានដឹងរួចមកហើយថា នៅថ្ងៃទី៨​ ខែវិច្ឆិកា ខាងមុខនេះ ក្រុមសិស្សពូកែដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិនិទេស្ទ A ត្រូវបានចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា កាលដែលកូនក្មួយទាំងអស់បានសិក្សារៀនសូត្រស្រួល មិនខ្វល់អ្វីទាំងអស់នេះ គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ពេញបរិបូរណ៍ ក្រោមការស្វែងរកដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្ស ស្ថិតស្ថិរ បន្ថែមទៀត ដើម្បីនាំកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យផងដែរ។

គួរបញ្ជាក់ថា រង្វាន់សិស្សពូកែទូទាំងរាជធានីភ្នំពេញ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននេះ រួមមាន៖ សិស្សប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិន្ទេស A ចំនួន១៨៣នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាប១ សៀវភៅ១០ក្បាល ប៊ិច២ដើម ថវិកា១៥០,០០០រៀល។

សិស្សពូកែទទួលបានមេដាយអន្តរជាតិ ចំនួន៤១នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាប សៀវភៅ ប៊ិច និងថវិកា ពី១០០,០០០រៀល ទៅ១៥០,០០០រៀល, សិស្សពូកែរាជធានី ជាប់ជ័យលាភីទូទាំងប្រទេស ចំនួន១៤នាក់ ដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ពី៨០,០០០រៀលទៅ១០០,០០០រៀល។

វិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេស ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាបសៀវភៅ ប៊ិច និងថវិកា៧០,០០០រៀល។ សិស្សពូកែ ទូទៅរាជធានី ចំនួន៧២នាក់ ក្នុងម្នាក់ៗ ទទួលបាន កាតាប សៀវភៅ ប៊ិច និងថវិកា ៦០០០០រៀល, សិស្សទទួលបានចំណាត់ថ្នាក់លេខ១ ១១៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា៤០០០០រៀល, លេខ២ ចំនួន១១៥១នាក់ ក្នុងម្នាក់ៗ ទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា៣០០០០រៀល សិស្សលេខ៣ ក្នុងម្នាក់ៗទទួលបាន កាតាបសៀវភៅ ប៊ិច និងថវិកា ២០០០០រៀល៕