(កណ្តាល)៖ ឯកឧត្តម សេង ស៊ីណារិន តំណាងនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នំាសិក្សា២០១៨-២០១៩ នៅអនុវិទ្យាលយ័គោកចេះ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង នាថ្ងៃទី០១ ខែវិច្ចិកាថា អាណត្តិទី៦នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ត ចតុកោណ ចំណាក់កាលទី៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងប្តេជ្ញាសម្រេចឲ្យបាននូវមុំទី១ស្តីពី ការពង្រឹងគុណភាព អប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ស្របពេលជាមួយគ្នានេះដែរ ការអប់រំនៅកម្ពុជា បានធ្វើជាមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំ ឆ្នាំ២០៣០ ឆ្ពោះទៅធានាឲ្យការអប់រំ មានគុណភាពប្រកបដោយធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសំរាប់ទាំងអស់គ្នា។
ឯកឧត្តម សេង ស៊ី ណារិន បានលើកឡើងទៀតថា ការសិក្សារៀនសូត្រ ត្រូវតែអនុវត្តជានិច្ចនិរន្តពេញមួយជីវិត សម្រាប់បុគ្គលម្នាក់ៗ ហើយការងារអប់រំជាការងារមួយតម្រូវឱ្យមានការបន្តលើកកម្ពស់ និង អភិវឌ្ឍគ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាពសក្ដានុពលមានសីលធម៌ គុណធម៌ ដែលនឹងរួមចំណែកសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាតិ ឲ្យមានការរីកចំរើនប្រកបដោយចិរភាព។ ចំណេះវិជ្ជា គឺជាទ្រព្យដ៏មានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយលើកតម្កើងកិត្យានុភាពភាពថ្លៃថ្នូររបស់មនុស្ស និងការរស់នៅប្រកបដោយសុខដុមរមនា។
នាពេលកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងកសាងអគារសាលារៀន លើកកម្ពស់វិស័យអប់រំ និងធនធានមនុស្ស ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានដើរតួយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់ការងាររៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយសម្រេចបានលទ្ធផលជាវិជ្ជមាន ដែលទាក់ទាញមហាជនឱ្យមានការជឿជាក់កាន់តែខ្ពស់ចំពោះវិសយ័អប់រំកម្ពុជា។
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឯកឧត្តម សេង ស៊ីណារិន បានផ្ដាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដោយផ្តោតទៅលើជំនាញទាំង៤ គឺការនិយាយ ការស្តាប់ ការអាន និងការសរសេរ។ បើយើងស្រលាញ់ខ្លួន និងស្រលាញ់ឪពុកម្ដាយ និងស្រលាញ់អនាគតដ៏រុងរឿង គឺនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ចូរក្មួយៗប្រតិបត្តិចរាចរឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុវត្ថិភាពរក្សាបាននូវសេចក្ដីថ្លៃថ្នូរដល់សង្គមជាតិទាំងមូល។
នាឱកាសនោះផងដែរ ឯកឧត្តម សេង ស៊ី ណារិន បានប្រកាសជួយកសាងផ្លូវ ដងទង់ជាតិ សួនច្បារ និងអគារសិក្សា១ខ្នង២ជាន់ ក្នុងអនុវិទ្យាល័យគោកចេះ និងផ្តល់ថវិកា២ពាន់ដុល្លារ កសាងដំបូលកុដ្ឋវត្តគោកចេះ ព្រមទាំងបានចែកអំណោយជូនសិស្សានុសិស្ស១៥០០នាក់ មានប៊ិច សៀវភៅ លោកគ្រូអ្នកគ្រូមានថវិការនិងសម្ភារសិក្សាមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅថ្ងៃទី១ ខែ វិច្ឆិកា នេះថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទះ និងបុព្វហេតុក្នុងការយកចិត្តទុកដាក់ខ្ពស់ថ្មីទៀត លើការលើកកម្ពស់វិសយ័អប់រំ ពិសេសកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យកុមារបានចូលរៀន និងបានរៀនសូត្រប្រកប ដោយគុណភាពប្រសិទ្ធភាព និងសមធម៌៕