ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹកជ្រើស រើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨


ថ្ងៃសៅរិ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាហែលទឹកជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨។
កាប្រកួតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្លឹបហែលទឹកមកពី៧ស្ថាប័នរួមមាន៖ ក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងព័ត៌មាន ក្លឹបនាគ រាជកំពង់ចាម ក្លឹបច្ឆានុប និងក្លឹបសាលាខេនវីដអន្តរជាតិសឹង្ហបុរី ដោយមានកីឡាករកីឡាការនីចូលរួម ប្រកួតសរុបទាំងអស់១២០នាក់ (ប្រុស៨៩នាក់ និងស្រី៣១នាក់) និងគ្រូបង្វឹកចំនួន១០នាក់ផងដែរ។
នៅក្នុងពិធីបិទការប្រកួតនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានផ្តល់កិត្តិយសបំពាក់មេដាយជូនកីឡាករ កីឡាករិនីជ័យលាភី រួមជាមួយថវិកា និងបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មការបច្ចេកទេស ក្រុមគ្រូពេទ្យ គណៈគ្រប់គ្រងពហុកីដ្ឋាន និងក្រុមសាព័ត៌មានផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីទាំងអស់ ខិតខំប្រឹង ប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាងមុខ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតនានាក្នុងតំបន់ និងអន្តរជាតិផងដែរ។