ក្រុមប្រឹក្សាខេត្តកែប បើកវគ្គបណ្តុះបណ្តាលអំពី «អភិបាលកិច្ចល្អ» ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ក្រុមប្រឹក្សា


(កែប)៖ ​ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត​កែប នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រកាសបើកវគ្គបណ្តុះបណ្តាល​២​ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សា​៩​រូប និងមន្រ្តីរបស់ក្រុមប្រឹក្សា​៩​រូបទៀត អំពីមេរៀនចំនួនពីរ រួមមានគោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និង​ការតម្រង់ទិសដល់ក្រុមប្រឹក្សា ទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី និងឆ្លុះបញ្ចាំងពី ការអនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀនរួមមាន​ តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការ និងវិមជ្ឈការនៅកម្ពុជា តួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគាំទ្រថវិកា និងសម្របសម្រួលវគ្គដោយគ្រូឧទ្ទេសពី​សមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត គឺឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង​លោក ម៉ក់ វ៉ន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង៕