ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជន កម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា អ្នកណាក៏ស្អប់អំពើពុករលួយ ហើយចង់ប្រឆាំង អំពើពុករលួយដែរ ទោះបីតូចក្តី ធំក្តី ហើយប្រជាជន ទូទៅចង់បានភាពស្អាតស្អំ។
តាមរយៈបណ្តាញទំនាក់ទំនង Telegram នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ ឯកឧត្តម សុខ ឥសាន បានលើកឡើងថា “ប្រជាជនទូទៅ អ្នកណាក៏ចង់បានភាពស្អាតស្អំដែរ ។ ដូច្នេះ អ្នកណាក៏ស្អប់អំពើពុករលួយ ហើយចង់ប្រឆាំងអំពើពុរលួយដែរ ទោះបីតូចក្តី ធំក្តី ។ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំណាស់ ដើម្បីបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ ធ្វើឲ្យអំពើពុក រលួយបានថយចុះមួយកម្រឹត និងបើនៅមាន ក៏មិនចំហរដូចមុនពេកដែរ”។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បន្តថា “ដើម្បីអាចលុបបំបាត់អំពើពុករលួយឲ្យអស់ពីក្នុងសង្គមចាំបច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ រួមមានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ សមត្ថកិច្ច អង្គការសង្គមសុីវិល អ្នកសារព៌តមាន តុលាការ កម្មករកសិករនិងប្រជាពលរដ្ឋទូទៅផង ។ ក្នុងនេះបើមានមួយណាមិនស្មោះត្រង់ទេនោះក៏មិនអាចធ្វើឲ្យអំពើពុកលួយត្រូវលុបបំបាត់ដែរ”។
បើតាមឯកឧត្តម សុខ ឥសាន បើយ៉ាងដូច្នេះ ទាមទារការស្មោះត្រង់ជាមូលដ្ឋានបឋម ។ បើគ្មានការស្មោះត្រង់នេះទេធ្វើអីក៏មិនកើតដែរ ។ មន្ត្រីរាជការ ត្រូវប្រតិបត្តិតួនាទីឲ្យបានត្រឹមត្រូវ បម្រើប្រជាជនដោយស្មារតីទទួលខុសត្រូវមានក្រមសីលធ៌មល្អនិងប្រកបដោយវិជ្ជាជីវ: បម្រើសេវាសាធារណ:ដោយស្មោះត្រង់នឹងប្រជាជន ។ ប្រជាជនក៏ត្រូវកុំធ្វើអ្វីឲ្យខុសច្បាប់ដែរ ។ បើធ្វើខុសច្បាប់ហើយចង់រួចខ្លួនទៅសូកប៉ាន់ នោះហើយជាអំពើរលួយ ។ អ្នកសង្គមស៊ីវិលត្រូវប្រកានខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវ:រប់ខ្លួនឲ្យបានល្អ កុំកានខាព្រៃឈើ លួចលាក់យកលុយកាក់ពីអ្នកលួចកាប់ព្រៃឈើ បើមិនអាចបិ្ទបាំងបាទើបលាតត្រដាងយកស្នាដៃ ប្ញឃើញគេពុករលួយហើយតែបើមិនចែកអញខ្លះ អញនឹងប្រតិកម្ម តែបើចែកអញបានស៊ីខ្លះកស្ងាត់ទៅមិនកើតទេ ។ អ្នកសារព៌តមាន ត្រូវនិយាយការពិត មិនត្រូវងាកឆ្វេង ស្តាំដើម្បីផលប្រយោជន៏ឡើយ។ សូមកុំនៅចាំស្ទាក់យកព៏តមាន បើស្ងាត់លួចយកលុយ តែបើបែកការណ៌ទើបលាតត្រដាង ប្ញមួយបើមិនចែកអញស៊ីផង អញនឹងលាតត្រដាងចេញជាព៏តមានយកស្នាដៃ ក៏មិនកើតដែរ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា បញ្ហាខាងលើនេះ តែងតែបានកើតមានឡើងជាញយៗដែរ នៅក្នុងការជាក់ស្តែង ។ ហេតុនេះគួរនាំគ្នាលុបបំបាត់ ចោលឲ្យអស់តាមជំនាញ និងតួនាទីរបស់ខ្លួនដោយព្រមៗគ្នា ទើបដសង្គមកម្ពុជា យើងអាចរកឃើញនូវភាពស្អាតស្អំនិងគ្មានអំពើពុករលួយបាន ៕