ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មហាសន្និបាតអតីតបក្សប្រឆាំងពិភពលោកគ្មាន ប្រសិទ្ធភាពដល់កម្ពុជានោះទេ បើធ្វើនៅក្រៅប្រទេសហើយ អនុវត្តនៅក្រៅប្រទេសនោះ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងបែបនេះ ក្រោយពី មេចលនាប្រឆាំង សម រង្ស៊ី បានកៀងគរក្រុមប្រឆាំងដើម្បីរៀបចំ មហាសន្និបាតអតីតបក្ស ប្រឆាំងពិភពលោកនៅក្រៅប្រទេសនៅដើមខែធ្នូ ក្នុងគោលបំណងប្រឆាំង គណបក្ស ប្រជាជនកម្ពុជានិងរាជដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា ។
ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី៣ ខែ វិច្ឆិកានេះថា “ដោយនៅមិនអស់ចិត្តពីបរាជ័យផ្ទួនៗ របស់ខ្លួនក្នុងការដឹកនាំខុសច្បាប់ តស៊ូដ៏អត់ន័យនៅក្រៅប្រទេស ទណ្ឌិតសម រង្ស៊ី តែងតែដេកស្រមើស្រមៃ ម្តងចង់ធ្វើនេះ ម្តងចង់ធ្វើនោះ មិនចេះចប់ ហើយអ្នកដើរតាមដោយងងិតងងល់ចេះ តែដើរតាមគំនិតវិលវល់របស់ ទណ្ឌិតសម រង្ស៊ីនោះទៅដោយគ្មានទិសដៅ ច្បាស់លាស់។ឥឡូវនៅដំណាក់ កាលចុងក្រោយនេះ ទណ្ឌិតសម រង្ស៊ី ដេកគិតឃើញថាគួរខិតខំស្តារ សភាពការណ៍បរាជ័យរបស់ខ្លួន កុំឲ្យអ្នកគាំទ្រខ្លួនបាក់ទឹកចិត្តខ្លាំងពេក ក៏បានបំផុសឲ្យអាម៉ីអាថោងខ្លួនប្រកូកប្រកាសចង់ធ្វើរបស់ដែលហៅថា ជាមហាសន្និបាតអតីតបក្សប្រឆាំង ពិភពលោក ក្នុងគោលបំណងដែលពួកគេហៅថារៀបចំ យុទ្ធសាស្ត្រថ្មីប្រឆាំងនឹងគណបក្សប្រជាជន កម្ពុជានិងរាជដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ” ។
ឯកឧត្តម សុខ ឥសានបានលើកឡើង បន្ថែមដោយចោទជា សំណួរថា”តើរបស់ដែលហៅថាមហាសន្និបាតពិភពលោកនោះមានមនុស្សប៉ុន្មាននាក់ចូលរួមទៅ?តើយុទ្ធសាស្ត្រដែលនឹងដាក់ ចេញនោះ អាចអនុវត្តបានឬទេនិងមានប្រសិទ្ធភាពអ្វីទៅបើធ្វើនៅក្រៅប្រទេសហើយ អនុវត្តនៅក្រៅប្រទេសនោះ ?
ប្រាកដជាគ្មានបានការអ្វីទាំង អស់ដោយ សារប្រសិទ្ធភាពត្រូវស្ថិតនៅ ក្នុងប្រទេស។ ដូច្នេះហើយបាន អាចហៅយុទ្ធសាស្ត្រស្អីដែលនឹងធ្វើនៅ ដើមខែធ្នូនេះគឺជាយុទ្ធសាស្ត្រខ្យល់បោកបក់តាមគំនិត រវើរវាយ វិលវល់និងទាល់ ច្រករបស់ទណ្ឌិតសម រង្ស៊ី មេចាញ់តែប៉ុណ្ណោះ”៕