ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផានបានលើកឡើងថា កម្ពុជារក្សាសិទ្ធិពេញលេញ និងគ្រប់ពេលវេលា ក្នុងការដកបេក្ខភាពរបស់ខ្លួនចេញ ពីអង្គការអន្ដរជាតិណាមួយ ប្រសិនបើមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរណាមួយ ទៅលើដែនអធិបតេយ្យ និងផលប្រយោជន៍របស់កម្ពុជា។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រោយពី IPU ចេញសេចក្ដីសម្រេចឲ្យកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានព្រមានរក្សាសិទ្ធិពេញលេញ ដកបេក្ខភាពចេញ បើនៅមានការជ្រៀតជ្រែកធ្ងន់ធ្ងរ លើផលប្រយោជន៍កម្ពុជា។
យោងតាមសេចក្ដីបំភ្លឺរបស់ការិយាល័យ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានឲ្យដឹងថា កម្ពុជាមានបំណងនិងទិសដៅ ដូចសហភាពសភាអន្ដរជាតិ (IPU) ក្នុងការលើកស្ទួយ និងពង្រឹង វប្បធម៌សន្ទនានយោបាយ ដែលនាំមុខ និងបង្កើតបានរួចហើយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ក៏ប៉ុន្ដែកិច្ចសន្ទនានយោបាយនេះ គ្មានវិសាលភាពស្ថិតនៅលើច្បាប់រដ្ឋនោះឡើយ។ លោក ផៃ ស៊ីផាន បន្ដថា កម្ពុជារក្សានិងការពារអំណាចរាស្ដ្រ ក្នុងការចូលរួមនយោបាយ តាមរយៈ ការបោះឆ្នោតដោយទៀងទាត់ ប្រកបដោយគុណភាពនិងជឿជាក់។
ឯកឧត្តមថា ប្រជាធិបតេយ្យប្រកបដោយការអនុវត្តន៍នីតិរដ្ឋ គឺជាកិច្ចធានា និងពង្រឹងបន្ថែមទៀត មិនត្រឹមតែសិទ្ធិអំណាច និងសេរីភាពរបស់មហាជន ក្នុងការផ្ដល់កិច្ចធានាជោគជ័យ វាសនាខ្លួនដោយខ្លួនឯង គឺសណ្ដាប់ធ្នាប់នយោបាយ នៃតម្លៃប្រជាធិបតេយ្យ សេរីពហុបក្សកម្ពុជា ដែលមិនស្ថិតនៅក្រោម ការបង្គាប់បញ្ជាពីជនណា ក្រុមណា អង្គការណា ទោះជានៅក្នុងឬក្រៅប្រទេសខ្មែរនោះទេ។ លោកបន្ថែមថា គុណភាពនិងតម្លៃប្រជាធិតេយ្យ គឺជាកិច្ចអភិវឌ្ឍជាប្រចាំ ឆ្លើយតបនឹងតម្លៃវប្បធម៌ និងប្រពៃណីដ៏បវររបស់ខ្មែរ ដែលក្ដាប់ ឲ្យបានជាដាចខាតនូវសន្ដិភាព ឯករាជ្យ អធិបតេយ្យ និងវិបុលភាពជាតិ ជាអាទិភាព។
ឯកឧត្តមបញ្ជាក់ថា “កម្ពុជា រក្សាសិទ្ធិពេញលេញ និងគ្រប់ពេលវេលា ក្នុងកិច្ចដកបេក្ខភាពរបស់ខ្លួន ចេញពីអង្គការអន្ដរជាតិណាមួយនោះ ប្រសិនបើមានការឈ្លានពាន ឬជ្រៀតជ្រែកធ្ងន់ធ្ងរណាមួយ ទៅលើដែនអធិបតេយ្យ និងផលប្រយោជន៍កម្ពុជា ក៏ដូចប្រជាជាតិអធិបតេយ្យមួយចំនួន ដែលបានប្រតិកម្ម ដកខ្លួនចេញពីអង្គការអន្ដរជាតិមួយចំនួន ដែលគេយល់ឃើញថា ប្រឆាំងឈ្លានពាន លើដែនអធិបតេយ្យ និងផលប្រយោជន៍របស់គេ”៕