នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨រដ្ឋបាលខេត្តប៉ៃលិនបានប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ក្រោមប្រធានបទ«រួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក» ស្ថិតក្រោមអធិបតីភាពលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ដ ដែលពិធីនេះបានធ្វើឡើងនៅមុខអាស្រមលោកយាយយ៉ាត ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់ពីកត្តាផ្សេងៗ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអត្រានៃកត្តាគ្រោះថ្នាក់ចរាចរណ៍។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងថា៖ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣នេះ ធ្វើឡើង គឺដើម្បីបន្តពង្រឹង និងរឹតបន្តឹង ការអនុវត្តច្បាប់ បទប្បញ្ញតិ្តចរាចរណ៍ផ្សេងៗបន្ថែមទៀត សម្រាប់ប្រែក្លាយ ទៅជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ជម្រុញការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត ដោយបណ្តុះផ្នត់គំនិត ដល់អ្នកបើកបរយានយន្ត ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្តរបស់ខ្លួន និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាពក្នុងពេលបើកបរ ព្រមទាំងអ្នករួមដំណើរ ជាពិសេស ត្រូវចេះអធ្យាស្រ័យគ្នា ក្នុងពេលបើកបរ និងគោរពច្បាប់ចរាចរណ៍ផងដែរ។
ថ្លែងក្នុងពិធីនេះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ករណីគ្រោះថ្នាក់នានា គឺកើតឡើងដោយសារការសេពគ្រឿងស្រវឹង គ្រឿងញៀន ការបើកបរល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីឆ្លើយតប នឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ធ្វើការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងដាស់ស្មារតីឲ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវថ្នល់ ទាំងអ្នកថ្មើរជើង ទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យផ្លាស់ប្តូរនូវឥរិយាបថ ដែលធ្លាប់តែមានភាពអនាធិបតេយ្យ មិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ដែលមានសណ្តាប់ធ្នាប់របៀបរៀបរយ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារកត្តា ៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ប៉ុន្តែមូលហេតុចម្បង គឺកត្តាមនុស្សនេះឯង ដែលប្រើប្រាស់ផ្លូវមិនគោរពច្បាប់ ដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរក្នុងពេលសេពគ្រឿងស្រវឹងជាដើម ជាមួយគ្នានេះ យើងត្រូវចាំជានិច្ចថា (ជីវិតគ្មានដាក់លក់នៅទីផ្សារទេ) ដូចនេះសូមកុំបើកបរហួសល្បឿនកំណត់ កុំផ្ទុកចំនួនមនុស្ស ឬទំនិញលើសចំណុះ កុំបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងសារធាតុញៀន កុំជែងគ្នាដោយប្រថុយនឹងគ្រោះថ្នាក់ កុំប្រើទូរស័ព្ទក្នុងពេលបើកបរ កុំប្រមាថអាយុជីវិតអ្នកដ៏ទៃ ដូចដែលយើងមិនចង់ឲ្យអ្នកដ៏ទៃប្រមាថអាយុជីវិតយើងផងដែរ។
សូមបញ្ជាក់ផងដែរថា៖ នៅក្នុងពិធីនេះ ក៍មានការដង្ហែក្បូនចេញពីអាស្រមលោកយាយយ៉ាត ឆ្ពោះទៅបំបែក ក្បែរសណ្ឋាគារប៉ៃលិនស៊ីធី រួចបន្តដំណើរ ឡើងទៅតាមផ្លូវបេតុងវត្ដប៉ាហ៊ី និងបញ្ចប់នៅរង្វង់មូលវិមានឯករាជ្យ មុខសាលាខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីរាជការ តាមស្ថាប័ន-អង្គភាពមន្ទីរជុំវិញខេត្ត សមត្ថកិច្ចទាំងបីស្ថាប័ន និងសិស្សានុសិស្សជាច្រើននាក់ ៕