ឯកឧត្តម សៅ សុភាព បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)


នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ លើផ្ទៃដីទំហំ ៣៤ ៦០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល របស់ក្រុមហ៊ុនហ្គ្រេស គ្លរី (ខេមបូឌា) ហា្គម៉ិន ម្ចាស់គម្រោង ដែល បានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាលធេន (ខេមបូឌា)។

ជារួមអង្គប្រជុំបានសម្រចបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានល្អ
២. ក្រុមហ៊ុនត្រូវគិតគូបញ្ហាសុខភាពបុគ្គលិក-កម្មករ ដែលបំពេញការងារនៅក្នុងផលិតកម្មបោះពុម្ព
៣.ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់នូវសុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ ដូចជាការផ្តល់ឧបករណ៍ការពារ និងការទុកដាក់សារធាតុគីមីឱ្យបានត្រឹមត្រូវ
៤. ក្រុមហ៊ុនត្រូវកែសម្រួលនៅក្របខណ្ឌច្បាប់ដែលអង្គប្រជុំបានឱ្យកែតម្រូវ
៥. ក្រុមហ៊ុនត្រូវជីកស្រះស្តុកសំណល់រាវ មុនបង្ហូរចេញទៅប្រឡាយសាធារណៈ។ ក្នុងករណីក្រុមហ៊ុនមិនទាន់មានស្រះស្តុកសំណល់រាវនៅឡើយទេ សំណល់រាវដែលត្រូវបញ្ចេញនោះ ត្រូវស្ថិតនៅក្រោមស្តង់ដារបញ្ចេញរបស់ក្រសួងបរិស្ថាន។គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ព្រមទាំងវត្តមានអស់លោក លោកស្រី មកពីក្រសួងពាក់ព័ន្ឋក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និង តំណាងរដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្តកណ្តាល តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។