រដ្ឋសភាបានត្រៀមសេវាដឹកជញ្ជូនដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF


សភាកម្ពុជាបានត្រៀមសេវាដឹកជញ្ជូន ជូនដល់គណៈប្រតិភូនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថាAPPF ដែលនឹងត្រូវមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០១៩ ខាងមុខនេះ។

ដើម្បីធានាដល់សេវាដឹកជញ្ជូនកំឡុងពេលនៃកិច្ចប្រជុំនោះ សភាកម្ពុជាបានបង្កើតអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន ដែលមាន លោកជំទាវ​ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ជាប្រធានអនុគណៈកម្មការនេះ។

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ លោកជំទាវ​ និន សាផុន បានប្រជុំក្រុមការងារអនុគណៈកម្មការ ដោយនៅក្នុងឱកាសនោះ លោកជំទាវបាន ណែនាំដល់សមាជិកក្រុមការងារទាំងអស់ យកចិត្តទុកដាក់បំពេញការងារឲ្យបានហ្មត់ចត់ ដោយហេតុថា​សេវាពិធីការ​ និងដឹកជញ្ជូននេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យដំណើរការកិច្ចប្រជុំទទួលបានជោគជ័យ និងកិត្តិយសមុខមាត់ដល់ប្រទេសជាតិផង។

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧ APPF ដែលមានសមាជិក២៧ប្រទេស នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ គណៈប្រតិភូដែលនឹងចូលរួម កិច្ចប្រជុំនេះ ជាថ្នាក់ដឹកនាំឬតំណាងសភាសមាជិកAPPF ៕