ឯកឧត្ត​ម ផៃ ស៊ីផាន អះអាងថា ចំពោះសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ គឺជាអំណាចរបស់តុលាការកំពូល ដោយសំអាងលើកអង្គហេតុ និង អង្គច្បាប់


ភ្នំពេញ ៖ ឯកឧត្ត​ម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ចំពោះសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ គឺជាអំណាចរបស់តុលាការកំពូល ដោយសំអាងលើកអង្គហេតុ និង អង្គច្បាប់ ហើយរាជរដ្ឋាភិបាល មិនអាចរំលោភបំពានបានទេ ទោះបីជាមានសំណើ រពីអន្តរជាតិ យ៉ាងណាក្តី។

ការលើកឡើងរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលនេះ បន្ទាប់ក្រុមប្រឆាំងនៅក្រៅប្រទេស បានធ្វើបាតុកម្មនានា ដើម្បីទាមទារឲ្យអន្តរជាតិ ដាក់គំនាមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យ អតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រមទាំងឲ្យអ្នកនយោបាយ ចំនួន១១៨នាក់ របស់គណបក្សនេះ មានសិទ្ធិធ្វើនយោបាយឡើងវិញ ។

ឯកឧត្តម​ ផៃ ស៊ីផាន បានលើកឡើងលើបណ្តាញ សង្គមហ្វេសប៊ុកថា កម្ពុជាបានរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងរក្សាបានការបោះឆ្នោតដោយ ទៀងទាត់ ដែលផ្ទុយពីការ ចង់បាន របស់ប្អូនមួយចំនួនដែលគាំទ្របក្សប្រឆាំង ចង់ឲ្យមានការបោះឆ្នោតឡើងវិញ នោះគឺជាការប្រឆាំងនឹងច្បាប់កម្ពុជា(ច្បាប់ធម្មនុញ្ញ)។

ឯកឧត្តមបញ្ជាក់ថា«បើប្អូនស្រឡាញ់កម្ពុជា មិនប្រកាន់បក្ខពួកទេ យើងគួរយករដ្ឋធម្មនុញ្ញ ជាមូលដ្ឋាន ។ ដូច្នេះបើស្រលាញ់កម្ពុជា ត្រូវអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យបរទេស លុកលុយដែនអធិបតេយ្យភាពកម្ពុជានោះទេ ។ ច្បាប់បោះឆ្នោតយើងធ្វើទៀតទាត់ ដោយមិនធ្វើមុនកំណត់ដោយច្បាប់ ឬធ្វើក្រោយនៃការនោះទេ ។ ព្រោះយើងអត់មានវិបត្តិនយោបាយ ឬ ជំលោះភាគីអាវុធណាមួយនោះទេ »។

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ ចំពោះករណីរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧យ៉ាងណាដូច្នេះថា «ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនមានវិបត្តិនយោបាយនោះទេ គឺធ្វើឡើងតាមអង្គហេតុ អង្គច្បាប់សម្រេចដោយតុលាការ ។ រាល់ការលើក ឡើង ពីអន្តរជាតិណាមួយ ដែលឲ្យកម្ពុជារំលត់ រំលោភ ឬរំលាយសាលដីការកំពូល យើងមិន អាចធ្វើបានទេ ។ ព្រោះយើងយល់ឃើញថាកម្ពុជាកំពុងស្ថិតក្នុងការពង្រឹងនីតិរដ្ឋ ។ ដូច្នេះលទ្ធិ ប្រជាធិតេយ្យត្រូវសម្រេចឲ្យមាននីតិរដ្ឋ»។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានលើកឡើងថាអ្នកនយោបាយគឺជាបុគ្គលមួយដែលស្ថិតនៅ ក្រោយច្បាប់និងអនុវត្ត ច្បាប់ទាំងអស់គ្នា ។ អាស្រ័យដូច្នេះគឺគ្មានការផ្លាស់ប្តូរជំហររប ស់រាជរ ដ្ឋាភិបាល ឬរបស់កម្ពុជា ដើម្បីដើរចេញក្នុងការអនុវត្តច្បាប់ ឬប្រតិបត្តិច្បាប់របស់ខ្លួន ឬលក់ដូរ ដើម្បីឲ្យបរទេសមកត្រួតត្រានោះទេ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា« ខ្ញុំសូមជម្រាបថាបងប្អូនមានសេរីភាពគ្រប់គ្រាន់ក្នុងការ ជ្រក កោននៅប្រទេសដទៃដែលទទួល បានសិទ្ធិទទួល បានសញ្ជាតិក៏ប៉ុន្តែសូមកុំភ្លេច ថាអ្នកដែលចូលរួមក្នុងជីវភាពនយោបាយ នៅកម្ពុជាគឺត្រូវតែជាប្រជាជន ស្របច្បាប់ទាំងការបោះឆ្នោត និងឲ្យគេបោះឆ្នោតស្របតាមច្បាប់កម្ពុជា»។

ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងទៀតថាកម្ពុជានៅតែបន្តការបោះឆ្នោតសេរី ពហុបក្ស តាមរបបលិទ្ធិប្រជាធិបតេយ្យ ដែលកំពុងដែរ ទៅរកកិច្ចថែរក្សាឯកភាពជាតិ ថែរក្សាតម្លៃប្រជា ធិបតេយ្យដែលកើតចេញពីប្រជាពលរដ្ឋខ្មែរ។

សូមរំលឹកថាគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលបានសម្រេចរំលាយចោល កាលពីចុង ឆ្នាំ២០១៧ ព្រមទាំងមិនអនុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះ ចំនួន ១១៨នាក់ធ្វើនយោបាយចំនួន៥ឆ្នាំផងដែរ៕