(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន១៥៩គ្រួសារ មកពីរ២ភូមិ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលអំណោយជាធុងចម្រោះទឹកស្អាត ដែលជាអំណោយរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា តាមរយៈឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គឹម រត្ន័ពិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ហើយក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងថា ចាប់ផ្តើមពីស្រុកឆែប ខេត្តព្រះវិហារ ទៅដល់ស្រុក និងខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាលនឹងមានធុងចម្រោះទឹក បានប្រើប្រាស់គ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៦នេះ វិស័យអាទិភាពធំៗមួយចំនួន ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សួស យ៉ារ៉ា បានជម្រាបជូនដំណឹងល្អដល់ប្រជាពលរដ្ឋ នៅឃុំកំពង់ស្រឡៅនេះថា ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅឡាវ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលប្រជាពលរដ្ឋទាំងសងខាងជំនួសការឆ្លងទូក ឬកាណូត ក្នុងការដោះដូរផលិតផលគ្នាទៅវិញទៅមក។
ឯកឧត្តមក៏ថ្លែងនូវការអរគុណដល់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ដែលបានខិតខំធ្វើផ្លូវបានយ៉ាងស្អាតគ្រប់ទីកន្លែង ក្នុងខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការចូលរួមថែរក្សាសុខភាព គឺជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ការថែរក្សាសុខភាព គឺយើងអាចកាត់បន្ថយការចំណាយ ក្នុងការយកថវិកាទៅព្យាបាលជំងឺ។
ឯកឧត្តមបន្តថា យើងងាយណាស់ក្នុងការឆ្លងជំងឺផ្សេងៗ តាមរយៈការទទួលទានអាហារ ឬទឹកមិនស្អាត អញ្ចឹងហើយបានប្អូនអាចសន្សំប្រាក់កាសមួយចំនួន ដោយមិនបាច់ទៅពេទ្យ។ នេះជាអ្វីដែលយើងចង់បានជាគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន៕