ភ្នំពេញ៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចនូវកម្លាំង សមត្ថកិច្ចជាច្រើនពាន់នាក់ ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋមកកម្សាន្ត នៅព្រះរាជពិធីបុណ្យនេះ ប្រកដោយភាពសប្បាយរីករាយ។
ព្រះរាជពិធីបុណ្យ អ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៦នឹងរៀបចំឡើងនាថ្ងៃទី១៣ ១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងកិច្ចប្រជុំបន្ទាន់ ស្តីពីផែនការការពារ និងគ្រប់គ្រង សណ្តាប់ធ្នាប់ នាឱកាសព្រះរាជពិធីបុណ្យអ៉ុំទូក ជាមួយមន្រ្តីជំនាញ ក្រោមឱវាទ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរនឹងធ្វើការរឹតបណ្តឹងសន្តិសុខ សណ្តាប់យ៉ាងតឹងរ៉ឹងជាទីបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យអ៉ុំទូក នាថ្ងៃទី១៣ ១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ ដោយមានការពង្រាយ កម្លំាងដើរល្បាត និងដាក់បុស្តិ៍ឈរជើង២៤ម៉ោង លើ២៤ម៉ោង ជុំវិញបរិវេណប្រារព្ធពិធី និងក្រៅបរិវេណកន្លែងប្រារព្វពិធី។
លោកប៉ា សុជាតិវង្ស មានលើកឡើងថា “ខ្ញុំសង្ឃឹមថា បងប្អូននឹងសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ប៉ុន្តែសូមកុំភ្លេចទៅចុះឈ្មោះ បោះឆ្នោតឱ្យបានទាន់ពេលវេលា ព្រោះនៅសល់តែ ៥៦ថ្ងៃទៀតទេ”។
លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យក្រុមមន្រ្តីជំនាញ ទំាងអស់ពន្លឿនការរៀបចំ សោភណ័ភាពតាមសួនច្បារ ភ្លើងបំភ្លឺសាធារណៈ បង្គន់អនាម័យ សាធារណៈ និងការបំពាក់កាម៉ារាសុវត្ថិភាព ជាង៦០០កន្លែង នៅជុំវិញកន្លែងប្រារព្វពិធី និងនៅតាមភ្លើងស្តុបនានា ជុំវិញរាជធានីភ្នំពេញ ដើម្បីបង្ហាញពីភាព កក់ក្តៅផ្នែកសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅ ព្រះរាជពិធីបុណ្យនេះផងដែរ៕