ភារៈធារីទូតគុយវ៉ែត៖ ការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរជាង៨៣% ជាតួលេខពិបាករក ហើយបង្ហាញថាពលរដ្ឋខ្មែរស្រឡាញ់លទ្ធិប្រជាធិបតេយ្យ


ភារៈធារីស្ថានទូតគុយវ៉ែតប្រចាំនៅកម្ពុជា លោក Zaher M. Al-Khuraineg នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងប្រាប់ ឱ្យដឹងថា ការចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង៨៣ភាគរយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបោះឆ្នោតសកលនាថ្មីៗកន្លងទៅនេះ គឺជាតួលេខដែលពិបាករកមួយ ហើយបង្ហាញជាក់ស្តែងថា ប្រជាពលរដ្ឋខ្មែរពិតជាស្រលាញ់ពេញចិត្តនឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍លោក Zaher ភារៈធារីស្ថានទូតគុយវ៉ែតប្រចាំនៅកម្ពុជា បានចាប់អារម្មណ៍ខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងសន្តិភាព ដែលដើរទន្ទឹមជាមួយនឹងលទ្ធិប្រជាធិបតេយ្យ នាពេលនេះ។ លោកចាត់ទុកថា ការចូលរួមបោះឆ្នោតដ៏ច្រើនរបស់ប្រជាពលរដ្ឋខ្មែរ រហូតដល់ជាង៨៣ភាគរយ នៃប្រជាជនសរុបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ គឺជាតួលេខនៅក្នុងប្រទេសមួយចំនួនពិបាករក ដោយតួលេខនេះបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានការស្រលាញ់ និងចូលចិត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។

លោកបានរំលឹកផងដែរថា នៅក្នុងប្រទេសគុយវ៉ែត គឺមានការបោះឆ្នោតដូចប្រទេសនានាដែរ ប៉ុន្តែគុយវ៉ែត មានប្រជាពលរដ្ឋស្រលាញ់ជាតិតាមរយៈការចូលរួមបោះឆ្នោត អាចដល់ត្រឹម ៦០ភាគរយ ទៅ៧០ភាគរយប៉ុណ្ណោះ។

លោក Zaher M. Al-Khuraineg បានមកបំពេញការងារនៅកម្ពុជា រយៈពេល៣ខែមកហើយ។ អំឡុងពេលនេះ លោកបានសង្កេតឃើញផងដែរថា ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកជឿជាក់យ៉ាងប្រាកដថា ភាពរីកចម្រើននេះ គឺបានមកពីសន្តិភាព ដែលកម្ពុជាបានរួមគ្នាការពារ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរីកចម្រើននេះបានមកពីសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ។ សង្ឃឹមថា ប្រជាពលរដ្ឋនឹងខិតខំប្រឹងប្រែងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រទេសជាតិ»។ លោកពន្យល់ថា «ការមានសន្តិភាព អាចទាក់ទាញវិនិយោគិន ហើយផលប្រយោជន៍នេះ បានមកដល់ប្រជាពលរដ្ឋកម្ពុជាដែរ»

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តជាថ្មីម្តងទៀត កាលពីចុងខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជុំ ក្រោមការឃ្លាំមើល និងសង្កេតការដោយអង្គការជាតិ អន្តរជាតិជាច្រើន។ ប្រជាពលរដ្ឋប្រមាណ៨៣ភាគរយ នៃប្រជាពលរដ្ឋសរុបដែលមានឈ្មោះក្នុងបញ្ជីទាំងអស់ បានចូលរួមក្នុងការបោះឆ្នោតនេះ ហើយក្នុងនោះពលរដ្ឋជាង៧០ភាគរយ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន៕