សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ វិច្ឆិកា នេះ បានចាត់ទុកការលើកឡើងរបស់ លោកសម រង្ស៊ី ដែលថា នឹងមានការដោះលែង លោកកឹម សុខា ក្រោមសម្ពាធអន្តរជាតិនោះ គឺជាការភូតកុហក និងបោកប្រាស់សុទ្ធសាធ។ សម្តេចតេជោថា លោកសម រង្ស៊ី ដើរភូតគ្រប់ទីកន្លែង ទៅដល់ទីណាភូតនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាំងចំអកទៅដល់ទាំងអ្នកគាំទ្រលោកសម រង្ស៊ី ឲ្យចាំមើល ថាតើ លោកសម រង្ស៊ីនេះ បោកប្រាស់ប៉ុណ្ណាទៀត។
ករណីលោកកឹម សុខា ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពន្យល់ថា តុលាការមិនទាន់កាត់ទោសទេ ហើយសាលក្រមមិនទាន់ចូលស្ថាពរនៅឡើយដែរ ដូច្នេះលោកកឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសឡើយ។
សម្តេចតេជោ ហ៊ុន សែន និយាយថា សម្តេចមិនចង់ឆ្លើយឆ្លងជាមួយលោកសម រង្ស៊ីឡើយ ដោយសម្តេចហៅលោកសម រង្ស៊ីថា ជាទណ្ឌិតរត់ចោលស្រុក។ តែសម្តេចថា បើមិនបញ្ជាក់នឹងមានអ្នកចាញ់បោកការភូតកុហកនេះ៕
លោកសម រង្ស៊ី នៅថ្ងៃទី០៦ វិច្ឆិកា បានចេញមកអះអាងជាសាធារណៈថាលោកបានទទួលបានព័ត៌មាន ថាសម្តេចតេជោ ហ៊ុន សែន នឹងដោះលែងលោកកឹម សុខា នៅថ្ងៃ ២៩ ធ្នូ ខាងមុខនេះ ក្នុងឱកាសខួបទី ២០ នៃ “នយោបាយឈ្នះៗ” របស់សម្តេច ហ៊ុន សែន។ លោកសម រង្ស៊ីថាគម្រោងដោះលែងលោកកឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីចៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ឯជំហានទី២ លោកថា នឹងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។