មន្ទីរសាធារណការ៖ ផ្លូវ៤ខ្សែរងការខូចខាតខ្លាំង ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តរតនគិរី ត្រូវបានជួសជុលឡើងវិញហើយ


(រតនគិរី)៖ ផ្លូវចំនួន៤ខ្សែ ដែលរងការខូចខាតខ្លាំង ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជាង៣ខែ នាពេលកន្លងទៅថ្មីៗនេះ ក្នុងខេត្តរតនគិរី ដែលមានផ្លូវជាតិក្រាលកៅស៊ូចំនួន២ខ្សែ ស្ថិតក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ រួមទាំងផ្លូវគ្រួសារក្រហម ២ខ្សែផ្សេងទៀត ស្ថិតនៅក្នុងស្រុកវើនសៃ និងស្រុកតាវែង នឹងត្រូវជួសជុលឲ្យស្អាតឡើងវិញ យ៉ាងយូរចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ ឯកឧត្តម វ៉ា សាវុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលបានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធទូរស័ព្ទ ដល់ភ្នាក់ងារ ប្រចាំខេត្តរតនគិរី នាថ្ងៃទី៨ ខែវិច្ឆិកា។

ឯកឧត្តមបានឲ្យដឹងទៀតថា ផ្លូវក្នុងស្រុកចំនួន៤ខ្សែ ដែលរងការខូចខាតខ្លាំងនោះ មានស្រុកចំនួន៣ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលស្ទើររួចរាល់ទាំងស្រុងរួចហើយ មានស្រុកអូរយ៉ាដាវ ស្រុកវើនសៃ និងលំផាត់។ ដោយឡែកផ្លូវ ១ខ្សែទៀត ដែលជាផ្លូវខេត្តលេខ ៣RK១ ជាផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងស្រុកតាវែង មានប្រវែង ៧គីឡូម៉ែត្រ ទើបតែធ្វើការជួសជុលបានជាង ៥០ភាគរយប៉ុណ្ណោះ និងកំពុងបន្តធ្វើការជួសជុលបន្ថែមទៀត ដែលត្រូវចំណាយពេលវេលាប្រមាណជា ៣ខែទៀតទើបរួចរាល់។

ក្រៅពីការជួសជុលផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឯកឧត្តម វ៉ា សាវុន ក៏បានឲ្យដឹងអំពីគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន៥ខ្សែ ក្នុងក្រុងបានលុង ប្រវែងសរុប៦ពាន់ម៉ែត្រ ទទឹង៦-៧ម៉ែត្រ ព្រមទាំងចិញ្ចើមក្រាលគ្រួសក្រហមទទឹង ១ម៉ែត្រ សងខាង ឲ្យរួចរាល់នាចុងឆ្នាំ២០១៨នេះផងដែរ។

មន្រ្តីជំនាញខាងផ្លូវថ្នល់ នៃមន្ទីរសាធារណការរូបនេះ បានឲ្យដឹងបន្តថា ផ្លូវទាំង៥ខ្សែនោះរួមមាន៖ ទី១- ផ្លូវក្រុងលេខ ៤៦-១, ទី២-ផ្លូវចូលរមណីយដ្ឋានកាចាញ, ទី៣-ផ្លូវសត្តឃាត, ទី៤-ផ្លូវលេខ ៩២ និងទី៥- ផ្លូវលេខ ៦៣៕