ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធុរកិច្ចជនអាមេរិក មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ


(បាងកក, ថៃ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធុរកិច្ចជនអាមេរិក-អាស៊ាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសន្យាថា នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនរបស់អាមេរិកទាំងអស់ដែលមានបំណងរកស៊ីនៅកម្ពុជា។

សំណើអញ្ជើញធុរកិច្ចជនអាមេរិកមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជានេះ បានធ្វើឡើងក្នុងពេល ឯកឧត្តមទេសរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ ជំនួបពិភាក្សានេះមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួនរួមមាន៖ 3M, Autodesk, Bechtel, Caterpillar, FedEx Express និង UPS។

កិច្ចពិភាក្សាផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ការទទួលបានអត្ថប្រយោជន៍ពីភាពខ្លាំង និងធនធានរបស់ក្រុមហ៊ុនអាមេរិកដែលឈានមុខគេ ព្រមទាំងវិធីដែលក្រុមប្រឹក្សា និងសមាជិករបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អាចជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

 ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រឹក្សា អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កំណើនសេដ្ឋកិច្ចថេរ, បរិយាកាសនយោបាយល្អ, គោលនយោបាយគាំទ្រវិនិយោគ, ទីតាំងប្រកបដោយអត្ថប្រយោជន៍និងយុទ្ធសាស្ត្រ និងកត្តាសក្តានុពលផ្សេងៗ ក្នុងការវិនិយោគនៅកម្ពុជា។

 ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បាននគូសបញ្ជាក់អំពីកំណែទម្រង់សំខាន់ៗដែលបានបញ្ចប់ និងកំពុងអនុវត្តន៍នៅក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕