ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៤៨ ​នឹងបញ្ចប់ការជួសជុលទាំងស្រុង​នៅ​កណ្ដាលខែធ្នូ ឆ្នាំ២០១៨ មុនពិធីបុណ្យសមុទ្រ ដែលចំណាយថវិកា ប្រមាណ១២លានដុល្លារ


ឯកឧត្តមទេសរដ្ឋមន្ដ្រី ​​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណប្រតិភូចុះពិនិត្យ ស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង​កន្លងមក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងចម្ងាយផ្លូវ ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹង​ កំណាត់ផ្លូវដែលរងការខូចខាតប្រវែង​៦៣​គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ដើម្បីជួសជុល ដោយអង្គភាពធំៗចំនួនបីរួមមាន​ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ​១២លានដុល្លារអាមេរិក សម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបានជួសជុលចប់សព្វគ្រប់ទាំងស្រុង នៅពាក់​កណ្ដាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើនឡើង ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ដែលនឹងត្រូវ​ប្រារព្ធឡើងនៅលើទឹកដីខេត្តកោះកុង នាចុងខែធ្នូខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា​ មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និង​ការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូល​រួមថែរក្សា ក្នុងស្មារតីភាពជាម្ចាស់ការដើម្បីកាត់បន្ថយ​ ការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរក ថវិកាកសាងដោយលំបាក៕