ផ្លូវលំពីប្រាសាទបន្ទាយឆ្មារទៅអាងជើងគ្រុសស្រុកថ្មពួក​ត្រូវបាន​ជួសជុល​ឡើងវិញ


បន្ទាយមានជ័យ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវលំ១ខ្សែប្រវែងជិត១០​គីឡូម៉ែត្រត​ភ្ជាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទ​បន្ទាយឆ្មារទៅកាន់រមណីយដ្ឋាន​អាងជើងគ្រុសក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលទទួលរង​ការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សា បានធ្វើការជួសជុលឡើងវិញ ក្រោមការ​ជួយឧបត្ថម្ភរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និង លោកជំទាវ។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ដោយមើល​ឃើញពី ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវលំ១ខ្សែនេះ ឯកឧត្តមឧបនាយរដ្ឋ មន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្ត​បន្ទាយមានជ័យ បានជួយធ្វើការស្ថាបនា ផ្លូវក្រាលក្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រ​នេះតាមរយៈក្រុមការងារចុះជួយមូលដ្ឋានដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរ និងដល់បងប្អូនប្រជាពលរដ្ឋដឹកកសិផល។ ផ្លូវ នេះបម្រើដល់ទេសចរណ៍ជនបទ ដោយបានតភ្ជាប់ពីរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ទៅ រមណីយដ្ឋានអាងជើងគ្រុស ហើយនៅតាមផ្លូវនោះដែរមានប្រាសាទបុរាណរណបចំនួនពីរ គឺប្រាសាទយាយគំ ​និងប្រាសាទចិញ្ចឹមត្រី ដែលកំពុងក្លាយជាតំបន់ទេសចរណ៍កម្សាន្តផង ដែរនោះ។

លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា នៅមានផ្លូវលំជនបទជាច្រើនខ្សែទៀតដែលអាជ្ញាធរ​ខេត្តតែងតែបានយកចិត្តទុកដាក់គិតគូរ ជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការ ខូតខាតនៅតាមទីជនបទក្នុងបណ្តាស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដោយកន្លែងខ្លះការស្ថាបនា ឡើងដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាម លទ្ធភាពថវិកាដែលយើងមាន និងមួយចំណែកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋ និង សប្បុរជនរួមគ្នាកសាង។

អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យមន្ទីរសាធារណ ការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរដែនដីត្រូវបន្តការ​យកចិត្ត ទុកដាក់​ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ពិសេសនៅតាមតំបន់​ដែលទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ហើយត្រូវប្រញាប់​ប្រញាល់ធ្វើការជួស ជុលឡើងវិញ​មិនត្រូវទុកចាំដល់ខូចធ្ងន់​ធ្ងរនោះទេ។​

ជាមួយនោះដែរលោក អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសូមឱ្យ​ចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយនោះ នៅតាមមូលដ្ឋានឱ្យប្រើ​ប្រាស់បានយូរ​អង្វែង៕