ក្រសួងបរិស្ថានមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគតគឺធានានូវគុណភាព និងនិរន្តរភាពបរិស្ថាន និងការពារអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត


ក្រសួងបរិស្ថានមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគតគឺធានានូវគុណភាព និងនិរន្តរភាពបរិស្ថាន និងការពារអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីបិទវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «កម្មវិធីទីក្រុងនិរន្តរភាព ជាជម្រើសតែមួយក្នុងការលើកកម្ពស់ សុខុមាលភាពសាធារណៈនៅកម្ពុជា» ដែលជាកិច្ចសហការរៀបចំដោយក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តម នេត្រ ភក្រ្តា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតប្រជែងវេទិការពិភាក្សា ជាពិសេសការខិតខំសិក្សាស្រាវជ្រាវចំណេះដឹងអំពីបរិស្ថាន និងលើកយកនូវប្រធានបទល្អៗជាច្រើនស្តីពីផលប៉ះពាល់នានាពីបរិស្ថាន ដែលជាផ្នែកមួយពង្រឹងស្មារតីក្នុងការពង្រីកនូវចំណេះដឹងបន្ថែមទៀត។ ឯកឧត្តមបញជាក់ថា កិច្ចពិភាក្សានាពេលនេះគឺជាការផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមករបស់ប្អូនជានិស្សិត នឹងក្លាយទៅជាផលប្រយោជន៍សម្រាប់យុវជនផ្សេងៗទៀត ក៏ដូចជាប្រជាពលរដ្ឋយើង និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការយល់ដឹងបន្ថែមអំពីចំណេះដឹងទូទៅស្តីពីបរិស្ថាន ធនធានធម្មជាតិ និងសហគមន៍។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការអភិវឌ្ឍដោយចីរភាព គឺជាការងារដែលក្រសួងបរិស្ថានបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះការអភិវឌ្ឍចាំបាច់គោរពនូវបទដ្ឋានបរិស្ថាន។ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវគំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។

ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺក្រុមនិស្សិតមកពីសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លេខ២សកលវិទ្យាល័យមេគង្គកម្ពុជា លេខ៣សកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងលេខ៣ស្ទួន សកលវិទ្យាល័យជាតិគ្រប់គ្រង។