ឯកឧត្ដម ឃួង ស្រេង បើកកិច្ចប្រជុំ ស្ដីពីការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញ-ចូលតែមួយ


ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធានីភ្នំពេញ បានបើកប្រជុំជាមួយមន្រ្ដីពាក់ព័ន្ធ ស្តីពីការផ្តល់សេវារដ្ឋបាល លើវិស័យសូរិយោដី ដល់ប្រជាពលរដ្ឋដែលស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយឱ្យមានប្រសិទ្ធភាព ព្រោះកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់ផ្ដល់សេវាបានលឿនជូនប្រជាពលរដ្ឋ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ច​ប្រជុំនោះថា អង្គភាពច្រកចេញ-ចូលតែមួយ គឺជាគោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បីជំរុញការផ្តល់សេវាសាធារណៈ ពិសេសសេវាចាំបាច់ឱ្យបាន​ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។

លោកបន្ដថា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្រោយពីបានស្តាប់នូវរបាយការណ៍​របស់លោកស្រីប្រធានច្រកចេញ-ចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា​ការលើកឡើងរបស់មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តការងារជូនប្រជាពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និង អាចទុកចិត្តបាននោះ ឯកឧត្តម ឃួង ស្រេង ក៏បានដាក់ចេញនូវផែនការមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងនីតិវិធីផ្តល់សេវានេះ ដល់ខណ្ឌទាំងអស់ ក៏ដូចជាមន្ទីរ ដើម្បីបន្តផ្សព្វផ្សាយដល់មន្រ្តីនៅថ្នាក់ក្រោម សម្រាប់អនុវត្តន៍កិច្ចការនេះឱ្យបានយល់ពីការផ្តល់សេវាជូនប្រជាពល រដ្ឋឆ្លើយតប​បានទាន់ពេលវេលាដែលបានកំណត់ដោយច្បាប់ សម្រាប់ការផ្តល់សេវានីមួយៗ។

លោក ម៉េត មាសភក្ដី បានរម្លឹកថា  អង្គភាពច្រកចេញ-ចូលតែមួយ​របស់រដ្ឋបាល​រាជធានីភ្នំពេញមានពីរ គឺជួរមុខជាអ្នកអនុវត្តន៍កិច្ចការផ្នែករដ្ឋបាល និងជួរក្រោយ នៅក្នុងរដ្ឋបាលផ្ទាល់ និងមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និង ទីចាត់ការដែលពាក់ព័ន្ធ។ នៅក្នុងអង្គភាពនេះដែរ ក៏មាន១២វិស័យសម្រាប់​រៀបចំសេវាជូនប្រជាពលរដ្ឋ ដែលក្នុងនោះផ្តោតសំខាន់លើវិស័យសូរិយោដី និងសាធារណការ ដែលមានការពាក់ព័ន្ធច្រើនក្នុងកិច្ចការបម្រើ​ជូនប្រជាពលរដ្ឋ​ចំពោះមុខ ដើម្បីដំណើរការឯកសារតាំងពីដើមរហូតដល់ចប់តាម    រយៈច្រកចេញ-ចូលតែមួយនេះ។

នៅក្នុងកិច្ចការផ្តល់សេវាកម្មនេះ មានភាពស្មុគស្មាញ និង ត្រូវការពេលវេលា ដើម្បីរៀបចំឯកសារ តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំមក​រដ្ឋបាលរាជធានីភ្នំពេញ។ មន្រ្តីទាំងអស់បាននិងកំពុងបម្រើការដោយយកចិត្តទុកដាក់ និងប្រឹងប្រែងអនុវត្តន៍ឱ្យបានតាមការកំណត់នៃច្បាប់ជាធរមាន ៕