ឯកឧត្តម វេង សាខុន បានអនុញ្ញាឲ្យលោក Scott Dawson នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ទទួលបន្ទុកការងារសម្រាប់ប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក Scott Dawson នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ទទួលបន្ទុកការងារសម្រាប់ប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់របស់ឯកឧត្តមរដ្ឋមន្រ្តីសម្រាប់យកទៅពិនិត្យពិចារណានៅលើចំណុចខ្លាំង និងចំណុចខ្សោយដែលធនាគារអភិវឌ្ឍអាស៊ីបាននិងកំពុងអនុវត្ត។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាកម្ពុជាធ្លាប់ជាប្រទេសអសន្តិសុខស្បៀង ខ្វះអាហារូបត្ថម្ភ មកជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។ តែទោះជាយ៉ាងណា វិស័យកសិកម្មនៅមានបញ្ហាប្រឈម មួយចំនួនដែលទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍអាស៊ី ដើម្បីចូលរួមសហការស្វែងរកបញ្ហាគន្លឹះដោះស្រាយឲ្យបានទាន់ពេលវេលា និងឲ្យមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានភាពរីកចម្រើនថែមទៀតស្របតាមកំណើនសេដ្ឋកិច្ច។ បញ្ហាទាំងអស់នោះរួមមាន៖ បញ្ហាទីផ្សារផលិតផលកសិកម្ម បច្ចេកវិទ្យាមុន និងក្រោយពេលប្រមូលផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ការប្រើប្រាស់ និងគ្រប់គ្រងទឹកកសិកម្ម ព័ត៌មានទីផ្សារ។ល។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្សព្វផ្សាយបច្ចេកទេស និងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ លើកទឹកចិត្តដល់វិនិយោគិន ការកសាងភាពជាដៃគូរវាងវិស័យឯកជន ជាមួយកសិករ សហគមន៍ឬសហគ្រាសខ្នាតតូច ការគាំទ្រឲ្យមានការផ្លាស់ប្តូរពីកសិករទៅជាកសិ-ពាណិជ្ជករវិញ។
ជាការឆ្លើយតបប្រសាសន៍ និងការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តី លោក Scott Dawson ថានឹងយកចំណុចទាំងអស់នោះទៅពិភាក្សាជាមួយក្រុមការងារជំនាញដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុកព្រោះអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងគឺសមស្របតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍអាស៊ី ហើយលោកជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ីនឹងដើរតួយ៉ាងសំខាន់ក្នុងការរកដំណោះស្រាយ ក៏ដូចជាបន្តផ្តល់កិច្ចសហប្រតិបត្តការឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។