សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ខណៈថ្ងៃសម្ពោធខិតជិតមកដល់


(ភ្នំពេញ)៖ ខណៈថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នៅសល់តែ៤៣ថ្ងៃ, នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបន្តដឹកនាំក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បន្តចុះត្រួតពិនិត្យដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានឹងការចុះត្រួតពិនិត្យរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នេះដែរ ក៏មានការចូលរួមរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូ ចុះធ្វើទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីអត្ថន័យ និងការសាងសង់វិមានដ៏ស្កឹមស្កៃ នាសទវត្សទី២១នេះផងដែរ។

បន្ទាប់ពីវិមានឈ្នះ-ឈ្នះ សាងសង់ជិតចប់ជាស្ថាពរ គឺគេឃើញមានថ្នាក់ដឹកនាំស្ថាប័នធំៗមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភរបស់ខ្លួន មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីអត្ថន័យរបស់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នេះមិនដែលដាច់នោះទេ។

ជានិច្ចកាលសម្តេចពិជ័យសេនា ដែលជាប្រធានក្រុមការងារតែងតែដឹកនាំចុះត្រួតពិនិត្យឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមានដែលជានិមិត្តរូបនៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរមួយនេះ កសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានៃថ្ងៃប្រារព្ធពិធី តាមការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

កាលពីថ្មីៗនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង៕