ឯកឧត្តម សុខ ឥសាន៖ តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី គ្មានសិទ្ធិមកឆាឆាវ ឯកឧត្តម ហ៊ុន ម៉ាណែត


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា លោក ហុង លីម ដែលជាតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្រ្តាលី គ្មានសិទ្ធិអី្វដែលត្រូវមកឆាឆាវ លោក ហ៊ុន ម៉ាណែត ក្នុងឱកាសទៅជួបអ្នកគាំទ្រ CPP នៅប្រទេសអូស្ត្រាលីនោះទេ ។
ការលើកឡើងបែប នេះបន្ទាប់ពី វិទ្យុអាស៊ីសេរី បានចេញផ្សាយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ថា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន បានត្រៀមធ្វើបាតុកម្ម ទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី៧ តុលា ដោយសារពួកគេមិនសប្បាយចិត្ត នឹងឯកឧត្តម ហ៊ុន ម៉ាណែត ដែលមករៀបចំពិធីជប់លៀង ទទួលស្វាគមន៍សមាជិក CPP។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា “ចឹងឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានសិទ្ធិពីអាជ្ញាធរមូលដ្ឋាន ពីរដ្ឋអំណាចប្រទេសអូស្ត្រាលីហើយ។ ចឹងលោក ហុង លីម គ្មានសិទ្ធិអី មកឆាឆាវ ទៅលើឯកឧត្តម ហ៊ុន ម៉ាណែត គឺមិនបានទេ”។
ឯកឧត្តម បានបន្ដទៀតថា ប្រសិនបើលោក ហុង លីម ឲ្យតែហ៊ានមកឆាឆាវ និងធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត ទៅជួបសកម្មជន CPP នៅអូស្ត្រាលី អាជ្ញាធរតាមមូលដ្ឋាន នឹងមានវិធានការ ទៅតាមផ្លូវច្បាប់ ។
អ្នកនាំពាក្យCPP បានបន្ថែមទៀតថា លោក ហុង លីម ចង់ធ្វើបុណ្យខួប១០០ថ្ងៃ ឲ្យលោក បណ្ឌិត កែម ឡី នេះជាសិទ្ធិសេរីភាពរបស់គាត់ ហើយចំណែកលោក ហ៊ុន ម៉ាណែត ក៏មានសិទ្ធិធ្វើកម្មវិធីជប់លៀង ទទួលស្វាគមន៍សមាជិក CPP ដែរ ដោយសារលោកបាន សុំសិទ្ធិពីអាជ្ញាធរតាមមូលដ្ឋាន។