ឯកឧត្តម សុខ សង្វារ ដឹកនាំប្រតិភូយុវជនកម្ពុជា ចូលរួមកម្មវិធីបោះជំរំ «យុវជនអាស៊ាន-ចិន» ឆ្នាំ២០១៨ នៅប្រទេសចិន


(ក្វាងស៊ី-ចិន)៖ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាអតីតសិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងអាស៊ាន នៅប្រទេសចិន បានដឹកនាំប្រតិភូយុវជនកម្ពុជា ប្រមាណ២៥រូប ជាអតីតយុវជន ដែលធ្លាប់ចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង នៅប្រទេសចិន តាំងពីឆ្នាំ២០០២ ទៅចូលរួមកម្មវិធីបោះជំរំយុវជនអាស៊ាន-ចិន នៅខេត្ត GuangXi នៃសាធារណរដ្ឋប្រជាមានិតចិត ចាប់ពីថ្ងៃទី១២-១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមបោះជំរំយុវជនអាស៊ាន-ចិន គឺជាគម្រោងបណ្តុះបណ្តាលយុវជន ដែលរៀបចំឡើងដោយសហព័ន្ធយុវជនរួមចិន ខេត្ត GuangXi នៃសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងនេះ បានដំណើរការដោយជោគជ័យ លើការបណ្តុះបណ្តាលយុវជនអាស៊ាន-ចិន ចំនួន១០លើករួចមកហើយ។ គោលបំណងសំខាន់នៃគម្រោងនេះ គឺបង្កើតចំណងកិច្ចមិត្តភាព និងកិច្ចសហប្រតិបត្តិល្អរវាងយុវជនចិន និងយុវជនរបស់បណ្តាប្រទេស ក្នុងតំបន់អាស៊ាន។

ក្នុងកម្មវិធីបើក នៃវគ្គបណ្តុះបណ្តាលនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី លី កាង (Li Kang) អនុប្រធានសន្និសីទប្រឹក្សានយោបាយរបស់ប្រជាជន នៃខេត្ត GuangXi បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានជាថ្មី របស់ក្រុមអតីតយុវជនវ័យក្មេងអាស៊ានទាំងអស់។ ការរៀបចំកម្មវិធីនេះឡើង សបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិនចំពោះយុវជនតំបន់អាស៊ាន តាមរយៈការបណ្តុះបណ្តាល រួមគ្នារវាងយុវជនអាស៊ានចិន។

លោកស្រីបានបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងយុវជនចិន-អាស៊ាន នឹងផ្តល់ផលប្រយោជន៍ដ៏ល្អទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ និងស្វែងយល់ពីវប្បធម៌ពីគ្នាទៅវិញទៅមក។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគាវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» ដើម្បីពង្រឹកភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ថាប័ន និងប្រជាជនវិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះជាច្រើនទៀត។

ឯកឧត្តម សុខ សង្វារ ដែលត្រូវបានជ្រើសរើស ដោយក្រុមអ្នករៀបចំគម្រោងឲ្យធ្វើជាប្រធានប្រតិភូយុវជនអាស៊ាន បានបញ្ជាក់ថា «យើងពិតជាមានសេចក្តីរីករាយ ចំពោះការផ្តល់ឱកាសដល់ពួកយើង មកកាន់ទីនេះជួបជុំលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិចាស់ៗរបស់យើងម្តងទៀត ដើម្បីសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោន៍គ្នា ក្នុងក្របខណ្ឌជាយុវជនអាស៊ាន ដោយគ្មានខណ្ឌសីមា»

អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា រូបនេះ បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលកន្លងមក យើងបានទទួលចំណេះដឹងច្រើនអំពីវប្បធម៌ចិន និងឃើញអំពីកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ប្រទេសចិន ជាពិសេស យើងពិតជាបានឃើញនូវទស្សនវិស័យវែងឆ្ងាយ របស់ថ្នាក់ដឹកនាំចិន ដែលបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនកំពុងតែដើរតួនាទីយ៉ាងសំខាន់ លើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានថ្លែងក្នុងឱកាសខួស៦០ឆ្នាំ នៃចំណងការទូតកម្ពុជា-ចិន ថា «ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា»

ឯកឧត្តម សុខ សង្វារ បន្ដទៀតថា ទន្ទឹមនឹងនេះ ការរីកច្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុង ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកទៀតផង៕