រសៀលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត១ពាន់គ្រួសារទៀត នៅខេត្ដមណ្ឌលគិរី


(មណ្ឌលគិរី)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដដំណើរអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន៦៣០គ្រួសារបន្ថែមទៀត ខេត្ដមណ្ឌលគិរី។

ក្នុងនោះមានជនជាតិខ្មែរចំនួន​ ៥០គ្រួសារ ជនជាតិព្នងចំនួន​ ៥៣០គ្រួសារ​ និងជនជាតិឥស្លាមចំនួន​ ៥០គ្រួសារ ដែលមកពីឃុំចំនួន២ គឺឃុំសែនមនោរម្យ និងឃុំដាក់ដំា នៃស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺធ្វើឡើងនៅភូមិផ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។

សូមជម្រាបថា នៅព្រឹកមិញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូអមដំណើរ ក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣១៣គ្រួសារផងដែរ នៅខេត្ដមណ្ឌលគិរី។ ក្នុងនោះមានជនជាតិខ្មែរចំនួន​ ៧៤៦គ្រួសារ​ ជនជាតិព្នងចំនួន​ ៥៦៤គ្រួសារ​ និងជនជាតិឥស្លាមចំនួន​ ៣គ្រួសារ រស់នៅភូមិចំនួន​១៤​ សង្កាត់​ចំនួន​៤​ នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សម្រាប់គ្រួសារនីមួយៗទទួលបាន​៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

គួរបញ្ជាក់ថា ក្នុងរយៈពីរថ្ងៃទី១៤-១៥ ខែវិច្ឆិកានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ផ្សេងៗ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​៨​ឧសភា​ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជូនដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ សរុបជិត ៤,០០០គ្រួសារ ដែលរស់នៅខេត្ដមណ្ឌលគិរី។

ដោយកាលពីថ្ងៃទី១៤វិច្ឆិកាម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន​១៥​ ឃុំចំនួន​៣​ នៃស្រុកកែវសីមា​ ខេត្ដមណ្ឌលគិរី ដែលធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕