រសៀលនេះ ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តតាកែវថ្មី, ឯកឧត្តម អ៊ាក ផល្លា ជំនួសឯកឧត្តម អ៊ិន ម៉ានិត្យ ដែលត្រូវផ្ទេរទៅប្រធានសាលាដំបូងខេត្តក្រចេះ


(តាកែវ)៖ ឯកឧត្តម ព្រហ្ម សិទ្ធាត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងរបស់ ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាស ឱ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តតាកែវថ្មី ដោយលោក អ៊ាក ផល្លា ជំនួសលោក អ៊ិន ម៉ានិត្យ ដែលត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តក្រចេះ។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តតាកែវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តម ជីវ ចាន់តារា, ស្នងការនគរបាលខេត្ត, មេបញ្ជាការអាវុធហត្ថខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញារង មន្ដ្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ព្រហ្ម សិទ្ធាត្រា បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយ អំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។ ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះដែរឯកឧត្តម អ៊ាក ផល្លា បានឡើងធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសិក្សាស្វែងយល់បង្កើនចំណេះដឹងអំពីច្បាប់បន្ថែមទៀត ដល់ចៅក្រម អយ្យការ និងក្រឡាបញ្ជីទាំងអស់ឱ្យកាន់តែរឹងមាំ, សហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

ឯកឧត្តម អ៊ួន ភា ក៏បានស្នើឱ្យប្រធានស្ថាប័នសាលាដំបូងខេត្តថ្មី ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរ ជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហា បណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌ព្រោះថាកន្លងមកនេះ មានសំណុំរឿងខ្លះ មានភាពមិនប្រក្រតី និងនៅកប់ចោល មិនទាន់បានដោះស្រាយ ជូនភាគីជាម្ចាស់បណ្តឹងនៅឡើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ទេរតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៣រូបនៅទូទាំងប្រទេសកម្ពុជា។

ប្រធាន អនុប្រធាន និងចៅក្រម ដែលត្រូវបានផ្ទេរនោះ រួមមាន ប្រធានសាលាដំបូងរាជធានី-ខេត្ត ចំនួន៦, អនុប្រធានសាលាដំបូងខេត្តកណ្តាលមួយរូប ផ្ទេរ ទៅអនុប្រធានសាលាដំបូងខេត្តកំពង់ធំ និងចៅក្រមចំនួន៣៦រូប៕