ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បង្ហាញមហិច្ឆតាប្រែក្លាយស្ទឹងហាវ ទៅជាកន្លែងអភិវឌ្ឍន៍ជឿនលឿនដូចទីក្រុងហ្ស៊ិនជិន


(ព្រះសីហនុ)៖ ជាមួយសក្តានុពលខ្ពស់លើការដឹកជញ្ជូនដោយមានទាំងផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវថ្នល់ផងនោះ ស្រុកស្ទឹងហាវ បានក្លាយទៅជាតំបន់មួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគធំៗរបស់ចិន។ អ្នកវិនិយោគរបស់ចិនធំៗមួយចំនួន ក៏បានចាប់ផ្តើមការវិនិយោគរបស់គេមកកាន់ស្រុកស្ទឹងហាវនេះផងដែរ។

ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ដំណើររោងចក្រសំខាន់ៗដែលគ្រោងបង្កើតឡើងនៅក្នុងស្រុកស្ទឹងហាវជាបន្តបន្ទាប់នោះ ក្រុមហ៊ុនអ៊ីប៉ីជានទៀន បានសម្រេចបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយ ដែលអាចផលិតថាមពលបានរហូតដល់ទៅ ១២០០មេហ្គាវាត់ ដែលការសងសង់គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង និងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាននៅឆ្នាំ២០២០។ រោងចក្រផលិតថាមពលមួយនេះ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់នាព្រឹកមិញនេះ។

លោក Zhu Zhang Jing អភិបាលក្រុមហ៊ុនអ៊ីប៉ីជានទៀន បានលើកឡើងថា ការបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះ គឺជាការគិតគូរមួយរបស់ក្រុមហ៊ុនក្នុងការផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មធំៗរបស់ខ្លួនដែលគ្រោងបង្កើតឡើងនៅឆ្នាំ២០១៩។ រោងចក្រទាំងនោះមានដូចជា រោងចក្រស្លដែក ទង់ដែង រោងចក្រក្រដាស រោងចក្រកញ្ចក់ និងរោងចក្រជ័រមួយចំនួនទៀត។

ជាមួយការចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្ម ដែលអាចផលិតថាមពលរហូតដល់ជាង ១២០០មេហ្គាវ៉ាត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិស្ទឹងហាវ លោក Zhu Zhang Jing បានបង្ហាញមហិច្ឆតាប្រែក្លាយស្រុកស្ទឹងហាវឲ្យទៅជាតំបន់មានឧស្សាហកម្មរីកចម្រើនលូតលាស់មួយ ដូចទៅនឹងទីក្រុងហ្ស៊ិនជិន របស់ប្រទេសចិន។ ហ្ស៊ិនជិន ជាទីក្រុងដ៏រីកចម្រើនមួយរបស់ចិន ដែលមានឧស្សាហកម្មទំនើបជាច្រើននៅក្នុងទីក្រុងនេះ ហើយក៏ជាទីក្រុងជាប់សមុទ្របង្កលក្ខណៈងាយស្រួលសម្រាប់ការដឹកជញ្ជូនទំនិញដូចទៅនឹងខេត្តព្រះសីហនុផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថាមពលអគ្គិសនីធ្យូងថ្ម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក លោក Zhu Zhang Jing បានថ្លែងថា ក្រុមហ៊ុនរបស់លោក បានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មកម៉្លេះ ដែលមកដល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ ហើយលោកបានសិក្សាស្វែងយល់យ៉ាងច្រើនពីសក្តានុពលសម្រាប់ការវិនិយោគនៅក្នុងស្រុកស្ទឹងហាវនេះ។

លោក Zhu Zhang Jing បានបញ្ជាក់ដូច្នេះ «ពួកយើងចង់ធ្វើជាក្រុមហ៊ុនគំរូពីគោលនយោបាយខ្សែក្រវាត និងផ្លូវរបស់រដ្ឋាភិបាលក្នុងការវិនិយោគនៅកម្ពុជា។ យើងនឹងធ្វើជាក្រុមហ៊ុនគំរូ ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា»

អភិបាលក្រុមហ៊ុនរូបនេះបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្តីរំពឹងថា ក្រុមហ៊ុនរបស់លោកនឹងវិនិយោគ ហើយបង្កើតការងារឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរកម្ពុជា ហើយធ្វើឲ្យស្រុកស្ទឹងហាវ ដូចទៅនឹងទីក្រុងហ្ស៊ិនជិន របស់ចិន។ ពួកយើងមានសមត្ថភាព និងមានជំនឿជឿជាក់ថាក្នុងរយៈពេល ១០ឆ្នាំ យើងនឹងអាចធ្វើឲ្យតំបន់នេះក្លាយទៅជាហ្ស៊ិនជិន»

ក្រៅពីការបង្កើតរោងចក្រផលិតថាមពលអគ្គិសនី និងការបង្កើតរោងចក្រផ្សេងៗហើយនោះ លោក Zhu Zhang Jing ក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិស្ទឹងហាវ ឲ្យក្លាយទៅជាកំពង់ផែដ៏ធំមួយ ដែលអាចឲ្យនាវាផ្ទុកទំនិញរហូតដល់ទៅ ១០ម៉ឺនតោនចូលសំចតបានថែមទៀតផង។

បើតាមថ្នាក់ដឹកនាំក្រុមហ៊ុនដ៏ធំរបស់ចិនរូបនេះ បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនបានបោះទុនវិនិយោគប្រមាណ ២០០ពាន់លានដុល្លារ សម្រាប់ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសចេជាង នៅក្នុងស្រុកព្រៃនប់ ហើយរំពឹងថា ការវិនិយោគនេះ នឹងអាចផ្តល់ការងាររហូតដល់ទៅ ១០ម៉ឺននាក់៕